នាយករដ្ឋមន្រ្តីកម្ពុជាប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិនិងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពី១ឆ្នាំទៅ១ឆ្នាំ
ថ្លែងក្នុងពេលអញ្ជើញសម្ភោធសមិទ្ឋផលស្ពានកោះយ៉និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១០,០០០នាក់នៅ ខេត្តកោះកុងនាព្រឹកថ្ងៃទី៨មករានេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិនិងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពី១ឆ្នាំទៅ១ឆ្នាំតបនឹងការទុកចិត្តនិងគាំទ្ររបស់ប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងបន្តថា“សកម្មភាពនិងគោលនយោបាយទាំងឡាយដែលបានដាក់ចេញគឺដើម្បីការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។

សម្តេចបន្ថែមថា“កោះកុងពីអតីតកាលឆ្ងាយណាស់ព្រោះគ្មានផ្លូវធ្វើដំណើរមិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ”។បើតាមសម្តេចធិបតី“កោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត”។ សម្តេចហ៊ុន ម៉ាណែត បានថ្លែងថាសមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែងនិងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។សម្តេចធិបតីបានថ្លែងថាគោលនយោបាយសន្តិភាពគឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាមនិងការឯកភាពជាតិហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។សម្តេចធិបតីបញ្ជាក់ថា “បើគ្មានសន្តិភាព ហើយនៅដាច់ដោយដុំ ច្បាស់ណាស់កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ”។សម្តេចបន្តថា“ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ បង្កើតដោយសម្តេចតេជោ ហ៊ុន សែន”។រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់និងលើកកំពស់កម្រិតផ្លូវជាតិលេខ៨ កសាងផ្លូវជាតិលេខ១០ដែលតភ្ជាប់ពីខេត្តភូមិភាគពាយ័ព្យប្រទេស ទៅកាន់តំបន់ឆ្នេរជាលើកដំបូងកសាងកំពង់ផែទឹកជ្រៅនិងការត្រៀមដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងនាពេលខាងមុខដែលធ្វើឲ្យខេត្តមួយនេះកាន់តែមានភាពរស់រវើកបន្ថែមទៀត៕
