២០២៣៖តម្លៃ អង្ករនៅលើទីផ្សារ អន្តរជាតិ កើនឡើងដល់ ២១ %
អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) បានអោយដឹងថាកាលពីឆ្នាំមុនតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនឡើងដល់២១%ស្របពេលមានការព្រួយបារម្ភអំពីអាកាសធាតុនិងការកាត់បន្ថយការនាំចេញអង្កររបស់ឥណ្ឌា។យោងតាមប្រភពដដែលកាលពីថ្ងៃសុក្របានបន្តទៀតថា“នៅក្នុងខែធ្នូ សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បានកើនឡើង ១,៦ ភាគរយលើសពីខែវិច្ឆិកា” ។នេះបើតាមការចុះផ្សាយselinawamucii។
“ការកើនឡើងនេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ី និងការធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញ ក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌានិងការធ្លាក់ចុះនៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម។FAO បានបន្ថែមថា “យោងទៅតាមសន្ទស្សន៍អង្ករ តម្លៃប្រចាំឆ្នាំនៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនឡើង២១% ក្នុងឆ្នាំ២០២៣ នេះដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូទធម្មជាតិ El Niño លើផលិតកម្មស្រូវ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា” ។

នៅកម្ពុជាវិញ តម្លៃ អង្ករ នាំ ចេញ ក្នុង មួយ គីឡូក្រាម បាន ធ្លាក់ ចុះ ជា លំដាប់ ក្នុង រយៈពេល ៥ ឆ្នាំ ចុង ក្រោយ នេះ។ ក្នុង ឆ្នាំ ២០២១ តម្លៃ នាំ ចេញ មាន តម្លៃ ០,៦៧ ដុល្លារ អាមេរិក ក្នុង មួយ គីឡូក្រាម ដែល ជា ការ ធ្លាក់ ចុះ ០,១៤ ដុល្លារ អាមេរិក ក្នុង មួយ គីឡូក្រាម ធៀប នឹង តម្លៃ ក្នុង ឆ្នាំ ២០១៦។
ទំនោរនេះទំនងជានឹងបន្តក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយតម្លៃនាំចេញអាចមានត្រឹម ០,៦៤ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមនៅឆ្នាំ២០២៣ និង ០,៦២ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមនៅឆ្នាំ២០២៤៕
