បង្ហាញពីរបៀបដែលរុស្ស៊ីបានរកឃើញគោលដៅយោធានៅអ៊ុយក្រែនដើម្បីវាយប្រហារ
សេវាសន្តិសុខអ៊ុយក្រែន(SBU)បាននិយាយថារុស្ស៊ីបានលួចចូលកាមេរ៉ាឃ្លាំមើលតាមអ៊ីនធឺណិតក្នុងទីក្រុងគៀវដើម្បីស្វែងរកគោលដៅយោធានិងបាញ់មីស៊ីលវាយប្រហារ។យោងតាម Business Insider ការចែករំលែកនៅលើ Telegram SBUបាននិយាយថាចារកម្មរុស្ស៊ីបានលួចចូលទៅក្នុងកាមេរ៉ាឃ្លាំមើលតាមអ៊ីនធឺណិតចំនួន២ដើម្បីតាមដានសកម្មភាពរបស់កងកម្លាំងអ៊ុយក្រែននៅទីក្រុងគៀវ ហើយពីទីនោះបានកំណត់គោលដៅនៃការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំលើទីក្រុងគៀវ។យោងតាមSBUផងដែរប្រទេសរុស្ស៊ីបានប្រើប្រាស់រូបភាពនៅលើកាមេរ៉ាឃ្លាំមើលចំនួន២ដើម្បីត្រួតពិនិត្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននិងកំណត់ទីតាំងនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ទីក្រុងគៀវ មុនពេលធ្វើការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែននៅថ្ងៃទី២ខែមករា។ បន្ទាប់ពីរកឃើញហេតុការណ៍ SBU បានបិទកាមេរ៉ាទាំង២នេះ។SBU បានបង្ហាញថាកាមេរ៉ាដែលរុស្សីលួចចូល មានទីតាំងនៅលើយ៉រនៃអគារមួយ ហើយត្រូវបានគេប្រើដើម្បីតាមដានតំបន់ជុំវិញនោះ។កាមេរ៉ាមួយទៀតមានទីតាំងនៅក្នុងបរិវេណលំនៅដ្ឋាន ដែលជារឿយៗប្រើដើម្បីតាមដានចំណតរថយន្ត។
SBU បានចោទប្រកាន់រុស្ស៊ីថាបានផ្លាស់ប្តូរមុំកាមេរ៉ានៅលើយ៉រ ហើយភ្ជាប់ទៅ YouTube ដូច្នេះវាអាចមើលអ្វីដែលកាមេរ៉ាកំពុងថត។

ភាគីអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគៀវ និងតំបន់ជុំវិញកាលពីថ្ងៃទី២ ខែមករាបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងប្រហែល៧០នាក់ផ្សេងទៀតរងរបួស។ ឧត្តមសេនីយ៍ Valerii Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជិត១០០គ្រាប់នៅឯទីក្រុងគៀវនិងទីក្រុងខាគីវ(Kharkiv)ភាគខាងកើត។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២មន្ត្រីសន្តិសុខតាមអ៊ីនធឺណិតអ៊ុយក្រែនបានបិទកាមេរ៉ាប្រហែល ១០,០០០ដែលក្រុងគៀវសង្ស័យថាក្រុងម៉ូស្គូអាចប្រើដើម្បីធ្វើផែនការវាយប្រហារ។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរុស្ស៊ីក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាប្រព័ន្ធថាមពលជាដើម៕
