គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចុះទស្សនកិច្ចរោងចក្រនៃក្រុមហ៊ុននិងសហគ្រាសចំនួន៣នៅក្នុងក្រុងឈីងតាវប្រទេសចិន

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាបានបន្តចូលរួមអមដំណើរលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចុះទស្សនកិច្ចរោងចក្រនៃក្រុមហ៊ុននិងសហគ្រាសចំនួន៣ផ្សេងទៀតនៅក្នុងក្រុងឈីងតាវសាធារណរដ្ឋប្រជាមានិតចិនរួមមាន៖
១). ក្រុមហ៊ុន MESNACគ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០ហិកតាដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន
២).ក្រុមហ៊ុនKenGicគឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃការដឹកជញ្ជូនឆ្លាតវៃនិងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោកនិងប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ
៣). ក្រុមហ៊ុន Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនាការផលិតការលក់និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាទិ៍ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ford និងក្រុមហ៊ុនToyotaជាដើម។ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូនិងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនSailunដែលបានសម្រេចដាក់ទុនចូលមកវិនិយោគការផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ការខិតខំឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាកម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចម្រើនបានក្នុងរង្វង់៧%មុនពេលកើតមានជំងឺកូវីដ១៩ ៥,៣%ក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង៦,៣%ក្នុងឆ្នាំ២០២៤។ កម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ ជាង៦០% ដែលកត្តាធនធានមនុស្សនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់ផែកោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុភារកម្មជាដើម។
រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាដៃគូដ៏សំខាន់ដោយក្នុងនោះមានរៀបចំបង្កើតក្រុមការងារចំនួន១៤ពីវិស័យរដ្ឋនិងឯកជនដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជាហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជាមួយនឹងទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិកតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ២ពាន់កន្លែង៕
