UTCCកែសម្រួលការព្យាករណ៍សេដ្ឋកិច្ចថៃសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ(UTCC)បានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៣ ដោយកាត់បន្ថយវាមកនៅត្រឹម ២,៥%។សម្រាប់ឆ្នាំ២០២៤សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងជាបន្តបន្ទាប់ដោយពង្រីកទៅដល់៣,២%។នេះបើតាមចេញផ្សាយNNT។មជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍សេដ្ឋកិច្ចនិងធុរកិច្ច (CEBF) នៃសាកលវិទ្យាល័យUTCCបានពន្យល់ថាការព្យាករណ៍ថ្មីសម្រាប់ឆ្នាំ២០២៣គឺជាការកែសម្រួលដោយបន្ទាបពីការព្យាករណ៍ដើមដែលមានចំនួន៣%ដែលត្រូវបានជះឥទ្ធិពលដោយការថយចុះនៃផលិតផលក្នុងស្រុកសរុបរបស់កសិកម្មនិងមិនមែនកសិកម្ម។កត្តារួមចំណែកផ្សេងទៀតរួមមានចំនួនភ្ញៀវទេសចរតិចជាងគោលដៅដែលបានកំណត់និងការធ្លាក់ចុះនៃការវិនិយោគរបស់រដ្ឋាភិបាល ដោយសាររយៈពេលនៃការផ្លាស់ប្តូររដ្ឋាភិបាល។ របាយការណ៍នោះបានគូសបញ្ជាក់ថាមានតែការប្រើប្រាស់សាធារណៈ ការចំណាយក្នុងវិស័យឯកជននិងវិស័យនាំចេញប៉ុណ្ណោះដែលបង្ហាញពីការរីកចម្រើនល្អ ជាពិសេសនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។

ការព្យាករណ៍សម្រាប់ឆ្នាំ២០២៤ ត្រូវបានរំពឹងថានឹងមានកំណើន ៣,២% ដែលគាំទ្រដោយការងើបឡើងវិញយ៉ាងច្បាស់នៅក្នុងវិស័យទេសចរណ៍ និងការព្យាករណ៍កំណើន ៣% ក្នុងការនាំចេញ។ អតិផរណាត្រូវបានគេរំពឹងថានឹងមានការថយចុះ។ លើសពីនេះទៀត ការប្រើប្រាស់ឯកជន និងការវិនិយោគបន្តកើនឡើងជាវិជ្ជមាន។ វិធានការជំរុញមួយចំនួន ដូចជា Easy E-Receipt ដែលបានចាប់ផ្តើមជំរុញសេដ្ឋកិច្ចនៅដើមឆ្នាំនេះត្រូវបានរួមបញ្ចូលនៅក្នុងការព្យាករនេះដែរខណៈដែលវិធានការកាបូបប្រាក់ឌីជីថលមិនត្រូវបានរាប់បញ្ចូលទេ។លោកបណ្ឌិត ថាណាវ៉ាត់ ផុនវីចៃ ប្រធានសាកលវិទ្យាល័យ UTCCបានសង្កត់ធ្ងន់ថាឆ្នាំ២០២៤នៅតែប្រឈមមុខនឹងកត្តាហានិភ័យជាច្រើនដែលរួមមានការកើនឡើងនូវសក្តានុពលនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់ ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន ការធ្លាក់ចុះសេដ្ឋកិច្ចសកលលោកដែលអាចកើតមាន គ្រោះមហន្តរាយធម្មជាតិគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកស្ថិរភាពរបស់រដ្ឋាភិបាលថៃនិងវិធានការជំរុញសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ៕
