ជប៉ុនប្រកាសទាត់ចោលផែនការសាងសង់កាស៊ីណូនៅNagasaki
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២៧ ខែធ្នូបានប្រកាសច្រានចោលផែនការ បើករមណីយដ្ឋានកាស៊ីណូមួយនៅក្នុងខេត្តណាហ្គាសាគិ (Nagasaki) ភាគនិរតីនៃប្រទេសជប៉ុនស្របពេលមានភាពមិនច្បាស់លាស់ អំពីលទ្ធភាពនៃការផ្តល់មូលនិធិរបស់ខ្លួន។នេះបើតាមKyodo News។

ផែនការ សាងសង់រមណីយដ្ឋាន កាស៊ីណូមួយនៅក្នុងខេត្ត Nagasaki ត្រូវ បាន រដ្ឋាភិបាល ពិនិត្យ ឡើង វិញ ចាប់តាំង ពី ខែ មេសាមកម្ល៉េះ! បន្ទាប់ ពី រដ្ឋាភិបាលបានអនុម័ត លើគម្រោង សាងសង់កាស៊ីណូនៅ ទីក្រុងអូសាកា (Osaka)។កាលពីដើមឡើយ គម្រោងកាស៊ីណូក្នុងខេត្ត Nagasaki ដែលស្ថិតនៅរមណីយដ្ឋានជាប់មាត់សមុទ្រHuis Ten Bosch រចនាប័ទ្មហូឡង់ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាចំនួន៨,៤លាននាក់ជារៀងរាល់ឆ្នាំដោយនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចចំនួន៣៣០ពាន់លានយ៉េន(ប្រមាណ២,៣ពាន់លានដុល្លារ)ដល់តំបន់ភាគនិរតីនៃប្រទេសជប៉ុន។ផែនការសាងសង់កាស៊ីណូ ក្នុងខេត្ត Nagasaki នៅតែស្ថិតក្រោមការត្រួតពិនិត្យ រហូតទាល់មានការច្រានចោល នាពេលនេះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យសាងសង់កាស៊ីណូ នៅទីក្រុងOsakaកាលពីខែមេសាដែលនឹងក្លាយជារមណីយដ្ឋានកាស៊ីណូស្របច្បាប់ដំបូងបង្អស់របស់ប្រទេសជប៉ុន។គម្រោងរមណីយដ្ឋានកាស៊ីណូ ស្របច្បាប់ដំបូងគេរបស់ជប៉ុននៅក្នុងទីក្រុងOsakaនឹងចំណាយទុនវិនិយោគ១,២៧ពាន់ពាន់លានយ៉េន( ប្រមាណ៨,៩ពាន់លានដុល្លារ) ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
រមណីយដ្ឋាននេះ នឹងត្រូវបានសាងសង់នៅលើកោះ Yumeshima ដែលជាកោះសិប្បនិម្មិតនៅឆ្នេរសមុទ្រOsaka។រមណីយដ្ឋាននេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រហែល២០លាននាក់ជារៀងរាល់ឆ្នាំ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប្រចាំឆ្នាំចំនួន១,១៤ពាន់ពាន់លានយ៉េន ឬប្រហែល៨,០៦ពាន់លានដុល្លារ៕
