ប្រទេសថៃខំប្រឹងស្តារសេដ្ឋកិច្ចឡើងវិញ
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃនឹងវិភាគដោយប្រុងប្រយ័ត្ននូវតួលេខសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យបានហ្មត់ចត់នៅពេលដែលប្រទេសថៃកំពុងរៀបចំបង្កើនការចំណាយរបស់រដ្ឋាភិបាលនៅក្នុងថវិកាជាតិថ្មីដើម្បីចាប់ផ្តើមស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ទន្ទឹមនឹងនេះដែរក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) នឹងធ្វើការត្រួតពិនិត្យសុខភាពលើវិស័យសេដ្ឋកិច្ច ពិនិត្យបំណុលគ្រួសារប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងសក្តានុពលអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យម។ការអនុវត្តនេះកើតឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាសារពើពន្ធឆ្នាំ២០២៤ជាមួយនឹងការចំណាយរបស់រដ្ឋាភិបាលចំនួន ៣,៤៨ទ្រីលានបាត (១០០ប៊ីលានដុល្លារអាម៉េរិក) ដែលកើនឡើង៩,៣%ពីថវិកាសារពើពន្ធឆ្នាំ២០២៣។

យោងតាមក្រុមប្រឹក្សា NESDC បានឱ្យដឹងថា សេដ្ឋកិច្ចបានធ្លាក់ចុះនៅក្នុងឆ្នាំនេះ ដោយបានពង្រីកត្រឹមតែ ១,៩% ប៉ុណ្ណោះក្នុងរយៈពេល ៩ខែដំបូង។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទីបីបានធ្លាក់ចុះមកនៅត្រឹម ១,៥% ពីចំនួន ១,៨% នៅក្នុងត្រីមាសទី២។ផលិតកម្មឧស្សាហកម្មក៏ធ្លាក់ចុះផងដែរនៅក្នុងត្រីមាសទីបីនេះ។GDP របស់ប្រទេសថៃត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៥% នៅក្នុងឆ្នាំនេះធៀបនឹង ២,៦% កាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ អតិផរណាត្រូវបានគេព្យាករណ៍ថានឹងនៅតែមានកម្រិត ១,៤% ហើយសមតុល្យគណនីចរន្តត្រូវបានគេរំពឹងថានឹងមានលើសពី ១% នៃផលិតផលក្នុងស្រុកសរុប។ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសថៃនឹងមានកំណើនសេដ្ឋកិច្ចទាបបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយសារអាយុប្រជាជន និងការវិនិយោគឯកជនមានការថយចុះរបស់ប្រទេសនេះ។ធនាគារនោះបាននិយាយថាបើគ្មានកំណែទម្រង់សេដ្ឋកិច្ចទេសេដ្ឋកិច្ចប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ៣%ក្នុងមួយឆ្នាំក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ៕ប្រភពVNA
