ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២២មានអង្គភាពសេដ្ឋកិច្ចសរុបចំនួន ៧៥៣៦៧០កើនឡើង៤៩%

មានប្រសាសន៍ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃ ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣លោកប៊ិន ត្រឈៃរដ្ឋមន្រ្តីក្រសួងផែនការ បានឱ្យដឹងថាជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២មានអង្គភាពសេដ្ឋកិច្ចសរុបចំនួន៧៥៣៦៧០កើនឡើង៤៩%បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១។លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី ក្រសួងផែនការបានឱ្យដឹងថា ការងារជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ គឺជាការងារធំមួយកម្រិតថ្នាក់ជាតិ ដែលបានធ្វើប្រតិបត្តិការស្ថិតក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ-១៩ជាសកល សម្រាប់អនុវត្តធ្វើការ សម្ភាសន៍គ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច នៅទូទាំង២៥រាជធានី-ខេត្ត ដោយបានបញ្ចប់ការងារ ប្រកបដោយ ជោគជ័យដោយមានការចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា។លោករដ្ឋមន្ត្រីបន្ថែមថាការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជា ណាចក្រកម្ពុជាឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូល អង្គភាព សេដ្ឋកិច្ចមានជាអាទិ៍ អង្គភាពសេដ្ឋកិច្ចនៅតាម ផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរតាមអនឡាញ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ វត្តអារាម និងសេវាកម្មផ្សេងៗ ជាដើម។ ជាងនេះទៅទៀតការធ្វើជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២គឺជាប្រតិបត្តិការស្ថិតិដ៏ធំមួយ ដោយមានការចូលរួមពីម្ចាស់អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ ដែលបានចំណាយពេលដ៏មមាញឹកនិងមានតម្លៃផ្តល់ព័ត៌មាននិងទិន្នន័យអំពីអង្គភាពសេដ្ឋកិច្ច សហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើមជូនដល់មន្ត្រីជំរឿនសេដ្ឋកិច្ច។ជាលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាព សេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន៥២,៥% នៅទីប្រជុំជននិង៦៩,១%ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។អង្គភាពសេដ្ឋកិច្ចទាំងអស់បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រីចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យ គឺវិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។
លើសពីនេះ ចំនួនអង្គភាពសេដ្ឋកិច្ច ត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំនៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច តាមចំណាត់ ថ្នាក់នៃវិស័យសកម្មភាពសេដ្ឋកិច្ច,និងតាមចំណូល-ចំណាយរបស់អង្គភាពសេដ្ឋកិច្ច។«ដំណើរការនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ត្រូវបានធ្វើឡើងដោយអនុលោមតាម ច្បាប់ស្តីពី ស្ថិតិឆ្នាំ២០១៥ និង អនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពី ការកំណត់ កាលបរិច្ឆេទពីការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យ លេខ ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និងដោយការ គាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជរដ្ឋាភិបាលកម្ពុជា។»សូមបញ្ជាក់ថាក្រសួងផែនការបានរៀបចំបង្កើតគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចគណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ចនិងគណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ព្រមទាំងគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចរាជធានីខេត្ត-ក្រុងយ៉ាងយកចិត្តទុកដាក់ដោយកំណត់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទ និងបានធ្វើប្រតិបត្តិការចុះសម្ភាសន៍ និងស្រង់ ទិន្នន័យចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺជាប្រវត្តិសាស្ត្រនៃជំរឿនសេដ្ឋកិច្ច ត្រូវបាន ធ្វើឡើងជាលើកទីពីរ នៅក្នុងឆ្នាំ២០២២ ដោយគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចទាំងអស់ នៅក្នុងប្រទេសកម្ពុជាសម្រាប់ស្រង់ទិន្នន័យអង្គភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដោយផ្អែកតាមនិយមន័យច្បាស់លាស់អំពី “អង្គភាពសេដ្ឋកិច្ច” គឺជាអង្គភាពអាជីវកម្មឬជាផ្នែកមួយនៃអង្គភាព អាជីវកម្មដែលមានទីតាំងមួយជាក់លាក់ហើយនិងមានសកម្មភាពផលិតកម្មតែមួយឬមានសកម្មភាពផលិតកម្មសំខាន់ដែលបង្កើតតម្លៃបន្ថែមមួយផ្នែកធំដោយផ្អែកតាមនិយមន័យរបស់អង្គភាពស្ថិតិនៃអង្គការសហប្រជាជាតិ៕
