កម្ពុជា-ជប៉ុនពិភាក្សាលើការពង្រីកវិសាលកំពង់ផែក្រុងព្រះសីហនុ

លោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃចន្ទទី២៥ខែធ្នូឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយលោកUENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា លើការងារភស្តុភារកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារJICAប្រចាំកម្ពុជា។អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២រួមមាន៖(១)ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The RegionalPort)និង(២)គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុនងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP)ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូននិងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។ផែនការមេមួយនេះត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕
