កាសែតអាល្លឺម៉ង់ដកស្រង់ការស៊ើបការណ៍សម្ងាត់៖រុស្ស៊ីអាចនឹងវាយប្រហារអឺរ៉ុបនៅឆ្នាំក្រោយ
ចារកម្មអឺរ៉ុបព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអឺរ៉ុបក្នុងរដូវរងាឆ្នាំ២០២៤-២០២៥បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។កាសែត Bildរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៣ខែធ្នូបានដកស្រង់ប្រភពចារកម្មអឺរ៉ុបដែលនិយាយថាការវាយប្រហាររបស់រុស្ស៊ីដែលមានសក្តានុពលលើអឺរ៉ុបអាចកើតឡើងក្នុងអំឡុងពេលអន្តរកាលបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ។រយៈពេលអន្តរកាលនេះមានរយៈពេល៣ខែ ចាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាឆ្នាំ២០២៤ដល់ការឡើងកាន់តំណែងប្រធានាធិបតីថ្មីនៅខែមករាឆ្នាំ២០២៥។យោងតាមប្រភពស៊ើបការណ៍សម្ងាត់រុស្ស៊ីអាចមានបំណងបើកការវាយប្រហារលើទ្វីបអឺរ៉ុបក្នុងអំឡុងពេលអន្តរកាលនេះ។ជាពិសេសប្រសិនបើបេក្ខជននាំមុខគេខាងគណបក្សសាធារណរដ្ឋគឺអតីតប្រធានាធិបតីDonald Trump ជាប់ឆ្នោតឡើងវិញ។ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីលោកTrumpបានរិះគន់ម្តងហើយម្តងទៀតអំពីកម្រិតនៃជំនួយដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានផ្តល់ដល់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានព្រមានថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ អាចមានឥទ្ធិពល”ខ្លាំង”លើដំណើរនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។អង្គការស្រាវជ្រាវអាល្លឺម៉ង់DGAPបានចេញការព្រមានដល់បណ្តាប្រទេសលោកខាងលិចថារុស្ស៊ីអាចបើកការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងអង្គការណាតូនៅក្នុង “យ៉ាងហោចណាស់ក៏ពី៦ទៅ១០ឆ្នាំខាងមុខ”។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសន្តិសុខជាតិរបស់ប៉ូឡូញបានសម្តែងការព្រួយបារម្ភជាបន្ទាន់បន្ថែមទៀតដោយព្យាករណ៍ថារុស្ស៊ីនឹងមានសមត្ថភាពវាយប្រហារណាតូក្នុងរយៈពេលតិចជាង៣៦ខែ។មន្ត្រីប៉ូឡូញធ្លាប់បានព្យាករណ៍ថា រុស្ស៊ីអាចកំណត់គោលដៅសមាជិកសម្ព័ន្ធភាពណាតូនៅអឺរ៉ុបខាងកើត ដែលរួមមានប្រទេសប៉ូឡូញ អេស្តូនី រូម៉ានី និងលីទុយអានី។
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។ក្នុង ការ អំពាវនាវ របស់ លោក សម្រាប់ គណបក្ស សាធារណរដ្ឋ កុំ ឲ្យ រារាំង ជំនួយ យោធា បន្ថែម ទៀត ដល់ អ៊ុយក្រែន នៅ ដើម ខែ នេះ លោក Biden បាន ព្រមាន ថាប្រសិន បើ រុស្ស៊ី ឈ្នះ អ៊ុយក្រែន ទីក្រុង ម៉ូស្គូ នឹង មិន បញ្ឈប់ ទេ ហើយ នឹង វាយប្រហារ ប្រទេសណាតូ។ប្រធានាធិបតីVladimir Putinបានរិះគន់ការព្រមានរបស់លោកBiden។ លោកPutin បាន បញ្ជាក់ ថា រុស្ស៊ី មិន ចង់ ឲ្យ ជម្លោះ ផ្ទុះ ឡើង ជាមួយ សម្ព័ន្ធ យោធា លោក ខាង លិច ទេ។

លោកPutinបានលើកឡើងម្តងហើយម្តងទៀតពីការពង្រីកក្រោយសង្គ្រាមត្រជាក់របស់ណាតូជាភស្តុតាងដែលថាលោកខាងលិចមិនខ្វល់ពីកង្វល់សន្តិសុខរបស់រុស្ស៊ី។លោកPutinបាននិយាយថាការចូលប្រទេសហ្វាំងឡង់ទៅក្នុងអង្គការណាតូក្នុងខែមេសានឹងបង្ខំឱ្យរុស្ស៊ី”ប្រមូលផ្តុំអង្គភាពយោធាមួយចំនួន” នៅភាគខាងជើងប្រទេសរុស្ស៊ីនៅជិតព្រំដែនរវាងប្រទេសទាំង២។
មន្ត្រីរុស្ស៊ីបានចោទប្រកាន់ណាតូជាយូរមកហើយថាមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនៅអ៊ុយក្រែនហើយបានព្រមានថានេះនឹងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធារវាងណាតូនិងទីក្រុងម៉ូស្គូ។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃទី១៩ខែធ្នូ ដោយមានការចូលរួមពីប្រធានាធិបតី Vladimir Putin រដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu បាននិយាយថា ប្រទេសសមាជិកណាតូមួយចំនួនបានដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន។
លោក ក៏ បាន បន្ថែម ថាផ្កាយរណប របស់ អង្គការ ណាតូ រាប់រយ កំពុង គាំទ្រ អ៊ុយក្រែនក្នុងសកម្មភាពឈ្លបយកការណ៍។ប្រទេសសរុបជាង៥០បានសន្យាគាំទ្រអ៊ុយក្រែន ប៉ុន្តែមានតែ១៥ប្រទេសប៉ុណ្ណោះដែលផ្តល់អាវុធ និងឧបករណ៍៕
