កម្ពុជាសម្រេចបានក្នុង១១ខែឆ្នាំ២០២៣នេះទំហំពាណិជ្ជកម្មអន្តរជាតិ កើនឡើង៤,០៨%

កម្ពុជាក្នុង១១ខែឆ្នាំ២០២៣នេះទំហំពាណិជ្ជកម្មអន្តរជាតិមានទំហំ៤៣ ៥១៥,៨៦លានដុល្លារអាមេរិកដែលក្នុងនោះការនាំចេញសរុបមាន២១ ៩៩២,៤០លានដុល្លារអាមេរិកកើនឡើង៤,០៨%បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែឆ្នាំ២០២២។របាយការណ៍នេះត្រូវបានបង្ហាញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ នៅរសៀលថ្ងៃសុក្រទី២២ខែធ្នូ ឆ្នាំ២០២៣។សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថាទំហំពាណិជ្ជកម្មអន្តរជាតិក្នុង១១ខែឆ្នាំ២០២៣នេះមានទំហំ៤៣៥១៥,៨៦លានដុល្លារអាមេរិកដែលក្នុងនោះការនាំចេញសរុបមាន២១ ៩៩២,៤០លានដុល្លារអាមេរិកកើនឡើង៤,០៨%។ទោះបីឆ្នាំ២០២៣នេះកម្ពុជាបានប្រឈមនៅកាលៈទេសៈលំបាកៗជាច្រើនពីស្ថានការណ៍តំបន់និងពិភពលោក។ប៉ុន្ដែក្រសួងពាណិជ្ជកម្មបានដើរតួនាទីសំខាន់និងបានប្រែក្លាយបញ្ហាមកជាឱកាសជាច្រើនដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAECEPA)ជាដើម។សម្តេចធិបតី បានមានប្រសាសន៍ណែនាំឱ្យក្រសួងពាណិជ្ជកម្មក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្តនិងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។ សម្តេចធិបតីមានប្រសាសន៍ថាគ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេសសម្ដេចតែងតែយកពេលដើរគោះទ្វារ(ទាក់ទាញការវិនិយោគ) ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជាតាមរយៈកិច្ចប្រជុំដោយផ្ទាល់ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរនិងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេសនិងវិនិយោគិនកម្ពុជា។សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ។សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថាឆ្មាខ្មៅក៏ដោយសក៏ដោយឲ្យតែចាប់កណ្តុរបានគឺឆ្មាទាំងអស់ន័យនេះសម្តេចចង់លើកឡើងថាអ្នកណាក៏ដោយក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់។ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួន២គឺទី១ផលិតផលជាអ្នកកំណត់ទី២តម្រូវការទីផ្សារជាអ្នកកំណត់។នេះបើតាមបញ្ជាក់ឲ្យដឹងពីសម្តេចធិបតី៕
