នាយករដ្ឋមន្ត្រីកម្ពុជានិងជប៉ុនសេដ្ឋកិច្ចជាស្នូលនៃកិច្ចពិភាក្សា

ក្នុងសន្និសីទសារព័ត៌មានស្ដីពី“មាតុភូមិនិវត្តន៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន»របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតនាយប់ថ្ងៃអង្គារទី១៩ធ្នូឆ្នាំ២០២៣នេះលោកហ្សង់ហ្វ្រង់ស័រតាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថាសេដ្ឋកិច្ចជាស្នូលនៃកិច្ចពិភាក្សាការងារសំខាន់រវាងសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិង ឯកឧត្តម គីស៊ីដា ហ៊្វូមីអូនាយករដ្ឋមន្តីជប៉ុនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូប្រទេសជប៉ុន។លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា កិច្ចពិភាក្សារបស់ប្រមុខដឹកនាំកម្ពុជា-ជប៉ុនស្ថិតក្នុងបរិបទនៃទំនាក់ទំនងដ៏ល្អប្រសើរបំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។
ជាមួយគ្នានេះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិក៏បានគូស បញ្ជាក់ពីវត្តមាននៃ សម្ដេចធិបតី ហ៊ុន ម៉ាណែតនិង ឯកឧត្តម គីស៊ីដា ហ្វូមីអូ ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួនដូចជា៖១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ការផ្គត់ផ្គង់ ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍ អេឡិចត្រូនិក ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិកម្ពុជានិងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែន តាមរយៈQR Code៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុម ហ៊ុន Minebea Mitsumi និង ក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) ៧-អនុស្សរណៈនៃការយោគយល់គ្នារ វាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស៕
