Daily News Sharing

ប្រធានសភាពាណិជ្ជកម្មកម្ពុជាជំរុញក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា

27

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើងពីសក្តានុពលដ៏អំណាយផលជាច្រើនរបស់កម្ពុជាដើម្បីទាកទាញដល់វិនិយោគិនជប៉ុនឱ្យសម្រេចចិត្តបោះទុនបន្ថែមនៅកម្ពុជា។តាមរយៈសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ត្រូវបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងធនាគារមិស៊ូហ៊ុ(Mizuho)ក្រោមអធិបតីភាពសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងដោយមានការចូលរួមពីវិនិយោគិនជប៉ុននិងកម្ពុជា។

Middle Content

ក្នុងឱកាសនោះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថាកម្ពុជានិងជប៉ុនមានចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ យូរលង់ណាស់មកហើយ។ ចាប់តាំងពីការបង្កើតចំណងកាទូតនៅឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ចំណងទាក់ទងប្រទេសទាំងពីរ កាន់រឹងមាំនិងកាន់តែស៊ីជម្រៅ។ ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងជប៉ុន។ប្រទេសទាំង២បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានកសាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។អ្នកឧកញ៉ាបន្ថែមទៀតថាជប៉ុនគឺដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជា ហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ។ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ជប៉ុនបានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ២.៩ ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងវិនិយោគចំនួន១៥១។


សូមជម្រាបជូនថាក្រុមហ៊ុនរបស់ជប៉ុនដែលកំពុងមានប្រិតិបត្តិការនៅកម្ពុជារួមមាន៖ Toyota, MinebeaMitsumi, Sumi Wiring, Honda, Canon, AEON Malls, និង Panasonic។ ជប៉ុន គឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជាផងដែរ។ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនដល់១.៥ពាន់លានដុល្លារអាមេរិកក្នុងរយៈ១០ខែដំបូងនៃឆ្នាំ២០២៣។ ជប៉ុនបាននិងកំពង់ផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា ដោយផ្តោតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងការកសាងសមត្ថភាពធនធានមនុស្ស។ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុនហើយក៏ជាឆ្នាំនៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែរ។ អាស៊ាននិងជប៉ុនមានទស្សនវិស័យរួមសម្រាប់តំបន់ប្រកបដោយ
សន្តិភាព ស្ថិរភាព វិបុលភាព និងធន់នឹងវិបត្តិ ជាតំបន់ដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ។កម្ពុជា គឺជាសមាជិកអាស៊ាន និងជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលមានទីតាំងយុទ្ធសាស្ត្រ នៅចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជា គឺជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយ នៅក្នុងតំបន់ដោយមានអត្រាកំណើន៧.៧%ក្នុងមួយឆ្នាំរយៈពេលជាងពីរទសវត្ស។កម្ពុជា គឺជាចំណុចមូលដ្ឋាន ទីផ្សារទៅកាន់ប្រទេស RCEP។ កម្ពុជាមានទីតាំងដ៏សមស្របបំផុតជាប់នឹងប្រទេសជិតខាងដែលមានប្រជាជនច្រើន គឺប្រទេសថៃ ៧១លាននាក់ និងវៀតណាម ៩៨លាននាក់។ កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងនិងពលកម្មជំនាញច្រើន។ជប៉ុន អាចទទួលបានច្រើនយ៉ាងពីកម្ពុជាទាំងទីផ្សារនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាដៃគូយុទ្ធសាស្ត្រ និងនយោបាយ ដែលអាចជួយជប៉ុន ក្នុងការលើកកម្ពស់តួនាទី និងជំហររបស់ជប៉ុននៅក្នុងតំបន់។២៥ឆ្នាំខាងមុខ គឺជារបត់ថ្មីសម្រាប់កម្ពុជា។កម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវ ច្បាប់ស្តីពីសារពើពន្ធ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ច្បាប់នេះ មានគោលដៅបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាពអាចប៉ាន់ស្មានបាន និងអំណោយផលដល់ការវិនិយោគ ក៏ដូចជាបង្ការការគេចពន្ធ។
នៅឆ្នាំ២០២១ ច្បាប់ស្តីវិនិយោគ ត្រូវបានអនុម័ត ដោយមានគោលដៅចម្បង ក្នុងការបង្កើតក្របខណ្ឌគតិយុត្តអំណោយផល ដល់ការវិនិយោគ និងទាក់ទាញការវិនិយោគដែលមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។


រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចហ៊ុន ម៉ាណែតដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលជាផែនការរយៈពេលវែងសំដៅសម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។អ្នកឧកញ៉ាបានថ្លែងថា «ខ្ញុំសូមជំរុញលើកទឹកចិត្ត ក្រុមហ៊ុនជប៉ុន និងកម្ពុជាស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា។ដើម្បីជំរុញសកម្មភាពធុរកិច្ច និងទេសចរណ៍ ខ្ញុំសូមជំរុញក្រុមហ៊ុនANAបើកការហោះហើរត្រង់ឡើងវិញពីជប៉ុនមកកម្ពុជា»។អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកកម្ពុជាបានចាត់ទុកការរៀបចំសិក្ខាសាលវិនិយោគកម្ពុជានេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការផ្លាស់ប្តូរទស្សនៈនិងព័ត៌មាន ស្វែងរកកាលា-នុវត្តភាពថ្មីនិងសក្តានុពល និងចាប់ដៃគូថ្មី ហើយសិក្ខាសាលានេះនឹងដើរតួជាគ្រឿងជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគកិច្ចសហប្រតិបត្តិការធុរកិច្ចនិងនវានុវត្តន៍និងការយោគយល់គ្នាទៅវិញទៅមក៕

Footer Content