កូរ៉េខាងត្បូងនិងចិនជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថាប្រទេសកូរ៉េខាងត្បូងនិងចិន បានបើកកិច្ចចរចាកម្រិតការងារនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំង២។យោងតាមក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានឱ្យដឹងថា ភាគីទាំង២បានពិភាក្សាគ្នាលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងមធ្យោបាយបង្កើតសន្ទុះថ្មីដើម្បីពង្រីកវិស័យពាណិជ្ជកម្ម និងការវិនិយោគព្រមទាំងបានព្រមព្រៀងគ្នាសហការយ៉ាងជិតស្និទ្ធក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាព។កិច្ចប្រជុំលើកទី២៧ សម្រាប់ «ការពិនិត្យមើលឡើងវិញដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី» ត្រូវបានតំណាងដោយ លោក គីម ជីនដុង អគ្គនាយកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចទ្វេភាគីនៅក្រសួងការបរទេសកូរ៉េខាងត្បូង និងសមភាគីចិន លោក វ៉ាង លីពីង ។កិច្ចប្រជុំកាលពីថ្ងៃអង្គារនោះបានធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថេរភាពនៃការផ្គត់ផ្គង់ការនាំចូលសម្ភារៈសំខាន់ៗ។ជាពិសេសបន្ទាប់ពីប្រទេសចិនបានផ្អាកនីតិវិធីគយសម្រាប់ការដឹកជញ្ជូនជីអ៊ុយរ៉េទៅកាន់ទីក្រុងសេអ៊ូលកាលពីដើមខែនេះ។
យោងតាមក្រសួងនោះបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងចិនបានបើកកិច្ចចរចាបែបនេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣ មក៕ប្រភពYonhap
