សម្តេចធិបតី៖វិស័យធនាគារគឺបេះដូងដែលប្រមូលនិងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

សម្តេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនាព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីងមានកម្ពស់២៥ជាន់ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញសម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយនិងប្រកប ដោយនិរន្តរភាព ។សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថាវិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិប្រៀបបានទៅនឹងបេះដូងដែលប្រមូលនិងបញ្ចេញឈាមសម្រាប់ចិញ្ចឹមរាង្គកាយមនុស្សនោះដែរ ។ ទន្ទឹមនឹងនេះការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីងបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើងព្រមទាំងបានបង្ហាញអំពីទំនុកចិត្តនិងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរកិច្ចភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារនិងហិរញ្ញវត្ថុរបស់កម្ពុជា។សម្តេចធិបតី បានមានប្រសាសន៍បន្តថាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថលរាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ដើម្បីជំរុញសន្ទុះនៃ ការ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០និងឆ្នាំ២០៥០និងដើម្បីឆ្លើយ តប ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ការរីកចម្រើនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសកលដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូលនិងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ចរួមទាំងវិស័យហិរញ្ញវត្ថុនិង ធនាគារ។បន្ថែមលើនេះរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុនិងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនិងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ការចាប់យកនិងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារមិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកប ដោយចីរភាព។សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះធនាគារវីងដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិរួមចំណែកដល់ការអនុវត្តគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាលតាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គមគិតចាប់ពីខែមិថុនាឆ្នាំ២០២០រហូតដល់ខែតុលាឆ្នាំ២០២៣ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ប្រជាជនប្រមាណ៨០ម៉ឺនគ្រួសារស្មើនឹងប្រជាជនចំនួនជាង៣,៣លាននាក់តាមបណ្ដាញភ្នាក់ងារវីងជាង១៥០០០កន្លែង៕
