Daily News Sharing

ជប៉ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

12

Middle Content

សម្តេចធិបតី ហ៊ុន ម៉ាណែតនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣បានអនុញ្ញាតឱ្យលោកគីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសមក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រីថាដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក គីម មូចូ នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិតផលិតផលចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា៕

Footer Content