ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលស្នើសហរដ្ឋអាមេរិក ពិនិត្យជំរុញកិច្ចការងារវិនិយោគដើម្បីពង្រីកទំហំពាណិជ្ជកម្ម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣នេះស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញកិច្ចការងារវិនិយោគដោយផ្ទាល់រវាងភាគីទាំង២បន្ថែមទៀតដើម្បីពង្រីកទំហំពាណិជ្ជកម្ម។ឯកឧត្តម ស៊ុន ចាន់ថុលបានអញ្ជើញទទួលជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Melissa Brownឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ក្នុងអង្គជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មការពង្រីកកិច្ចការងារវិនិយោគ និងការចូលរួមជាមធ្យោបាយនានាក្នុងការកែលម្អធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២។ជាកិច្ចចាប់ផ្ដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីMelissaBrownនិងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnsonចំនួន១លានដូសមកកម្ពុជាខណៈពេលដែលសកលលោកបានជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ ស្របតាមកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក លើកិច្ចការងារជាច្រើននាពេលកន្លងមករាប់បញ្ចូលទាំងការធ្វើពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញកិច្ចការងារវិនិយោគដោយផ្ទាល់ រវាងភាគីទាំង២បន្ថែមទៀត។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីច្បាប់វិនិយោគរបស់កម្ពុជាដែលបើកទូលាយជូនចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនដែលកំណត់ដោយច្បាប់។ កម្ពុជាមានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួចនិងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវ៉ាក់ផលិតកម្មសកលផងដែរ។ក្នុងនោះកម្ពុជាលើកទឹកចិត្តឱ្យមានការបណ្ដាក់ទុនវិនិយោគលើរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ (High Tech Industrial Park)

ដែលបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងផ្ដល់ឱកាសជូនទាំងប្រជាពលរដ្ឋកម្ពុជានិងសម្រាប់តំបន់ផងដែរ។ឆ្លើយតបលើការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីការផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩មកកម្ពុជា លោកស្រី Melissa Brown បានឆ្លៀតយកឱកាសនេះបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ២០២០កន្លងទៅកំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីត-១៩ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំWesterdam របស់សហរដ្ឋអាមេរិកចូលចតនៅកម្ពុជា។នាវាទេសចរណ៍ខ្នាតធំនេះនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកទេសចរណ៍ប្រមាណជាង ៤០០០នាក់។
ទន្ទឹមនឹងនេះ លោកស្រីឧបការីរងរដ្ឋមន្ត្រីការបរទេស បានបង្ហាញចំណាប់អារម្មណ៍ផងដែរក្នុងការពិនិត្យរួមគ្នា អំពីកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសង្គម-វប្បធម៌ ការសិក្សាអប់រំ សុខាភិបាល ក៏ដូចជាកិច្ចកាងារវិនិយោគលើវិស័យជាសក្តានុពល របស់ប្រទេសទាំង២ដោយក្នុងនោះលោកស្រីបានស្នើសុំឱ្យកម្ពុជាពិនិត្យលទ្ធភាពកែលម្អលើចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារតម្លាភាព និងប្រសិទ្ធភាពនៃបទដ្ឋានគតិយុត្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត៕
