ប្រទេសឥណ្ឌូណេស៊ីនិងកូរ៉េខាងត្បូងចាប់ដៃគ្នាបង្កើតប្រព័ន្ធរថយន្តក្រុងអគ្គិសនីនៅកោះបាលី

ក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី(Bappenas)និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានព្រមព្រៀងគ្នាក្នុងការសហការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃរថយន្តក្រុងអគ្គិសនីដើម្បីគាំទ្រដល់ការដឹកជញ្ជូនសាធារណៈនៅកោះបាលី។អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រនិងធនធានធម្មជាតិឥណ្ឌូណេស៊ី លោកស្រី វីវី យូឡាស់វ៉ាទី បាននិយាយកាលពីពេលថ្មីៗនេះថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងគាំទ្រដល់ការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៦០ ដោយលោកស្រីបាននិយាយបន្ថែមថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូន គឺជាវិស័យដែលរួមចំណែកខ្ពស់បំផុតលំដាប់ទីពីរនៃការបំភាយឧស្ម័ន។យោងតាមលោកស្រីបានឱ្យដឹងថាគម្រោងសាកល្បងមួយនេះនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ចំនួន៤ នៅកោះបាលី គឺតំបន់ដេនប៉ាសារ តំបន់បាឌុង តំបន់គៀនយ៉ារ និងតំបន់តាបាណាន ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ លោកស្រីបានបង្ហាញក្តីសង្ឃឹមថាវានឹងត្រូវបានពង្រីកទៅកាន់ទីក្រុងធំៗចំនួន២០ ផ្សេងទៀត។ក្នុងអំឡុងពេលនៃការអនុវត្តសាកល្បងនេះ ក្រសួងរបស់លោកស្រីនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការ រួមទាំងតាមរយៈលទ្ធកម្មរថយន្តក្រុង ការបង្កើតស្ថានីយ៍សាកអាគុយ ផ្លូវថ្នល់ និងចិញ្ចើមផ្លូវនិងការដាក់ពង្រាយប្រតិបត្តិករនៅក្នុងវិស័យនេះផងដែរ។ការសាកល្បងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវនៃការវិនិយោគដឹកជញ្ជូនបៃតងនៅកោះបាលីនេះ នឹងត្រូវចំណាយថវិកាអស់ ៨,៨លានដុល្លារអាមេរិក ហើយនឹងត្រូវបានគាំទ្រដោយបណ្តាដៃគូនៃប្រទេសទាំងពីរ គឺវិទ្យាស្ថានកំណើនបៃតងសកលលោក (GGGI) ។លោកស្រី យូឡាស់វ៉ាទី បានជូនដំណឹងថា រហូតដល់ខែធ្នូ ឆ្នាំ២០២៧ វិទ្យាស្ថាន GGGI នឹងជួយក្នុងការសិក្សាអំពីលទ្ធភាព ការអនុវត្ត ហិរញ្ញវត្ថុ និងការផ្តល់រថយន្តក្រុងអគ្គិសនីនិងប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ការគាំទ្រ៕ប្រភពVNA
