ដំណើរការជើងហោះហើរត្រង់ហាណូយ-សៀមរាបនឹងចាប់ផ្តើម
សម្តេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងខេត្តសៀមរាបខាងមុខនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំង២។សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។

ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង២និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ធ្នូ២០២៣ឆាប់ៗខាងមុខដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំង២។សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការផ្តល់នូវកិច្ចគាំទ្រសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាមតាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត ៕
