ប្រធានាធិបតី Putin បានប្រកាសឈរឈ្មោះបោះឆ្នោតឡើងវិញ
យោងតាមទីភ្នាក់ងារសារព័ត៌មានTass និងSputniksប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបានប្រកាសនៅថ្ងៃនេះ(ថ្ងៃទី៨ខែធ្នូ)ថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការរំពឹងទុកជាច្រើនអំពីថាតើលោកPutinដែលកាន់អំណាចតាំងពីឆ្នាំ២០០០មានបំណងបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៀតឬអត់។លោកប្រធានាធិបតីPutin បានប្រាប់លោកវរសេនីយ៍ទោ Artyom Zhoga ដែលជាមន្ត្រីយោធារុស្ស៊ី អំពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីពិធីប្រគល់រង្វាន់ដល់ទាហាននៅវិមានក្រឹមឡាំង។

មួយថ្ងៃមុនពេលមេដឹកនាំរុស្ស៊ីបានប្រកាសពីការបោះឆ្នោតឡើងវិញជាប្រធានាធិបតីព្រឹទ្ធសភារបស់ប្រទេសនេះបានអនុម័តជាឯកច្ឆ័ន្ទនៅថ្ងៃទី១៧ខែមីនាជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។បន្ទាប់ពីប្រធានាធិបតីPutinបានបង្ហាញផែនការរបស់លោកក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ប្រធានព្រឹទ្ធសភារុស្ស៊ី Valentina Matviyenko បាននិយាយថា”សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីPutinអំពីការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញគឺផ្អែកលើផលប្រយោជន៍របស់ប្រទេសនិងប្រជាជនរបស់ខ្លួន។លោកប្រធានាធិបតីPutinធ្លាប់បាននិយាយថា លោកនឹងលាតត្រដាងពីផែនការរបស់លោកក្នុងការឈរឈ្មោះសម្រាប់អាណត្តិទី៥បន្ទាប់ពីសភាបានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី។យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada ប្រជាជនរុស្ស៊ីប្រហែល៨០%គាំទ្រអ្វីដែលលោកប្រធានាធិបតីPutinបានធ្វើ៕
