នាយករដ្ឋមន្ត្រីស្នើឱ្យជប៉ុនការបង្កើតផែនការមេក្នុងវិស័យឡូជីស្ទីកដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់
សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងជំនួបនេះលោកUENO Atsushi បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកនិងសហការីចូលជួបសម្តែងការគួរសមនិងបានជម្រាបជូនសម្តេចធិបតី ផងដែរថាប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះកងស្វ័យការពារជើងគោកជប៉ុនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន ។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុនដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ឱ្យកាន់តែសកម្មជិតស្និទ្ធ ។ លើសពីនេះ លោកUENO Atsushi ក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមកដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងសហការី នាឱកាសនេះ ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរវាងកម្ពុជា-ជប៉ុន ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំង២និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូចនិងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា។សម្តេចធិបតីក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការ

បង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។ ចំពោះវិស័យសន្តិសុខ និងការពារជាតិ។សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រចំពោះគោលគំនិតនៃការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធតាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា ជាអាទិ៍៖ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោកដែលសម្តេចធិបតីផ្ទាល់ជាអ្នករៀបចំឱ្យមានយន្តការនេះដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខរួមទាំងការរៀបចំលំហាត់រួមកងទ័ពជើងទឹកតាមសំណើរបស់ភាគីជប៉ុននិងការបោសសម្អាតមីនផងដែរ៕
