Daily News Sharing

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាត្រេកអរចំពោះវិធានការសាច់បង្កកមានគុណភាពទាបយកមកដាក់លក់ក្នុងប្រទេស

17

សេចក្តីថ្លែងការណ៍ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣បានលើកឡើងថាអាជ្ញាធរជំនាញពេលថ្មីនេះបានចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញដោយបានរកសាច់បង្កកពុំមានឯកសារបញ្ជាក់ច្បាស់លាស់ចំនួនជិត៤០០តោន ដែលរួមមានចុងសា្លបមាន់ គូទមាន់ សាច់មាន់កិន កោះមាន់ ជើងមាន់ សាច់ជ្រូក( មកពីប្រទេសស៊ីល អ៊ីតាលី អាឡឺម៉ង់) ត្រចៀកជ្រូក សាច់ក្របី កន្សោមដោះក្របី ស្បូនជ្រូកនិងស្បែកជ្រូក។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កន្លងមកក៏បានចុះត្រួតពិនិត្យតាមឃ្លាំជាប្រចាំ និងបានរកឃើញមានសាច់បង្កកជាច្រើនប្រភេទមានគុណភាពទាបនិងមិនមានលក្ខណៈស្របច្បាប់ជាច្រើនតោនដែលបាននាំចូលមកលក់នៅក្នុង

Middle Content

ប្រទេសកម្ពុជា។ផ្អែកលើលទ្ធផលនៃកិច្ចខិតខំប្រឹងបែងរបស់មន្ត្រីជំនាញខាងលើសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានសេចក្តីត្រេកអរជាពន់ពេក និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏មានសារៈសំខាន់ទាំងនោះពីព្រោះផលិតផលបង្កកភាគច្រើននៅប្រទេសដើមគេទុកសម្រាប់ផលិតចំណីសត្វតែប៉ុណ្ណោះ ហើយការនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់និងស្របតាមបទបញ្ញតិច្បាប់គឺពិតជាប្រឈមនឹងហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋទូទៅការឆ្លងរាលដាលជំងឺសត្វ។ជាពិសេសផលិតផលបង្កកទាំងនោះនឹងត្រូវដាក់លក់ក្នុងតម្លៃយ៉ាងថោកលើទីផ្សារដែលនិងបំផ្លាញទីផ្សារនិងផ្តួលទីផ្សារសាច់សត្វរស់នៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរទៀតផង។ទន្ទឹមនិងនេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក៏បានអំពាវនាវយ៉ាងទទូចដល់អាជីករនាំចូលសាច់បង្កកទាំងអស់សូមគិតដល់សុខភាពសាធារណៈជាចម្បងនិងសូមគិតដល់មោទនភាពជាតិដោយចូលរួមលើកកម្ពស់ ឬមិនបង្កបញ្ហាដល់វិស័យចិញ្ចឹមសត្វក្នុងស្រុកនិងមានសំណូមពរដល់បងប្អូនជនរួមជាតិមេត្តាពិចារណាឱ្យបានដឹតដល់មុននឹងសម្រេចចិត្តទិញសាច់បង្កកដែលអត់មានប្រភពមកបរិភោគក្នុងគ្រួសារឬនាំសមាជិកក្រុមគ្រួសារមិត្តភក្តិទៅបរិភោគនៅកន្លែងលក់នានាដែលមានតម្លៃថោកតាមរយៈការប្រើប្រាស់សាច់បង្កកមានភាគុណភាពទាបទំាងនោះ។សេចក្តីថ្លែងការណ៍របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបន្តសូមថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលកំពុងដឹកនាំប្រកបដោយតម្លាភាពនិងមោទនភាពជាតិខ្ពស់ណែនាំដល់មន្ត្រីជំនាញក្នុងក្រសួងឱ្យចូលរួមជំរុញ គាំពារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក ឱ្យមានភាពរឹងមាំ ស្ថិរភាព និងវឌ្ឍនភាព ក្នុងបរិបទទីផ្សារប្រកួតប្រជែង។

លើសពីនេះបានសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគិតិបណ្ឌិតឈ្លាសវៃនិងមោទនភាពជាតិខ្ពស់។ជាពិសេសផ្តល់នូវអនុសាសន៍ដ៏មានតម្លៃនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនដែលមិនអនុញ្ញាតិឱ្យមាននាំចូលផលិតផលសាច់ដែលមានគុណភាពទាបមកក្នុងព្រះរាជាណាចក្រកម្ពុជា។គួរជម្រាបជូនថាសាច់បង្កកខុសច្បាប់បាននិងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យនិងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ៕

Footer Content