ភ្ញៀវទេសចរបរទេសចំនួន៤,៤លាននាក់បានមកទស្សនាកម្សាន្តនៅកម្ពុជា រយៈពេល១០ខែ ដំបូង

កាលពីថ្ងៃអាទិត្យលោក សុខ សូកេនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថាក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣មានភ្ញៀវទេសចរបរទេសចំនួន៤,៤លាននាក់បានមកកម្សាន្តនៅកម្ពុជាដែលជាការកើនឡើងខ្លាំងប្រហែល ១៨០%ពី ១,៥៧ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមXinhua។
លោកបានថ្លែងសុន្ទរកថាក្នុងពិធីបិទពិធីបុណ្យសមុទ្រប្រចាំឆ្នាំលើកទី១០ ដែលធ្វើឡើងនៅខេត្តកែបថា“ផ្អែកលើតួលេខនេះកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវបរទេសប្រមាណ ៥,៤ លាននាក់នៅឆ្នាំ ២០២៣”។
ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័ក បានលើកឡើងថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ដោយអំពាវនាវឱ្យមានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង។លោកមានទំនុកចិត្តថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបានបើកដំណើរការនៅថ្ងៃទី ១៦ ខែវិច្ឆិកានឹងទាក់ទាញអ្នកដំណើរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។
លោកបានបន្តថា“អាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានសារសំខាន់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេស”។ យើងសង្ឃឹមថាវានឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដូច្នេះពួកគេនឹងនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប៕
