កម្ពុជាទទួលបានពានរង្វាន់ចំនួន២ក្នុងកម្មវិធីWorld Travel Awards
គេហទំព័រ World Travel Awardsបានចុះផ្សាយថាកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈបានឈ្នះពានរង្វាន់ចំនួន២នៅក្នុងកម្មវិធី World Travel Awards 2023 លើប្រធានបទ “ទិសដៅវប្បធម៌ឈានមុខគេនៅអាស៊ី”និង”គោលដៅទេសចរណ៍យុវជនឈានមុខគេនៅអាស៊ី” ។បើតាមការចេញផ្សាយបានបញ្ជាក់ថា នៅទូទាំងអាស៊ី កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើប្រធានបទ «ទិសដៅវប្បធម៌ឈានមុខគេនៅអាស៊ី» នៅឆ្នាំ២០២៣នេះ ខណៈលេខ២ បានទៅលើប្រទេសឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។
ដោយឡែកសម្រាប់ប្រធានបទ«គោលដៅទេសចរណ៍យុវជនឈានមុខគេនៅអាស៊ី» នៅឆ្នាំ២០២៣នេះ កម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ ផងដែរ ខណៈចំណាត់ថ្នាក់លេខ ២ បានទៅលើប្រទេស ឡាវ ថៃ និងវៀតណាម។ព្រះរាជាណាចក្រកម្ពុជាយើងបានដណ្តើមយកពានរង្វាន់ដ៏សំខាន់ចំនួនពីរនេះផងដែរ នៅឆ្នាំ២០២២កន្លងទៅ។

កម្ពុជាត្រូវបានភ្ញៀវបរទេសទទួលស្គាល់យ៉ាងច្បាស់ថាជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ដែលមានប្រាសាទបុរាណនៅពាសពេញផ្ទៃប្រទេស ហើយប្រាសាទដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន រមណីយដ្ឋានអង្គរប្រាសាទព្រះវិហាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុហ៍និងតំបន់ប្រាសាទកោះកេរ។ក្រៅពីនេះព្រះរាជាណាចក្រកម្ពុជាយើងមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងនៅខេត្តភាគនិរតីចំនួន ៤ គឺខេត្តព្រះសីហនុ កំពត កែប និងកោះកុង ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះនៅទិសនិរតី៕
