Hondaគ្រោងបោះទុនវិនិយោគ៣,៤ពាន់លានដុល្លារលើការផលិតម៉ូតូអគ្គិសនីឥណ្ឌានិងអាស៊ានជាគោលដៅពង្រីកទីផ្សាររបស់ខ្លួន
JapanTimesបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកាបានឲ្យដឹងថាក្រុមហ៊ុនជប៉ុនHondaនឹងបោះទុនវិនិយោគដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិកលើអាជីវកម្មផលិតម៉ូតូអគ្គិសនីនៅត្រឹមឆ្នាំ២០៣០។

ក្រុមហ៊ុននេះបានបង្កើនគោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួនឱ្យឈានដល់៤លានគ្រឿងសម្រាប់ឆ្នាំនោះដោយកើនឡើងពីគោលឲ្យបាន៣,៥លានគ្រឿង។ក្រុមហ៊ុនខាងលើនេះបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធទី២៩ខែវិច្ឆិកាថាខ្លួនគ្រោងបញ្ចេញម៉ូតូអគ្គិសនីថ្មីចំនួន៣០ម៉ូឌែលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០ហើយនឹងចាប់ផ្ដើមដំណើរការរោងចក្រផលិតម៉ូតូអគ្គិសនីទូទាំងពិភពលោកចាប់ពីឆ្នាំ២០២៧។ក្រុមហ៊ុននេះនិយាយទៀតថាបច្ចេកវិទ្យាថ្មីនឹងជួយកាត់បន្ថយរយៈពេលនៃខ្សែសង្វាក់ដំឡើងបានប្រមាណ៤០%។ក្រុមហ៊ុននេះគូសបញ្ជាក់ថាប្រទេសឥណ្ឌានិងតំបន់អាស៊ាន គឺជាកន្លែងដែល
ខ្លួនមានគោលដៅពង្រីកទីផ្សាររបស់ខ្លួន។លោក Daiki Mihara ប្រធានផ្នែកអភិវឌ្ឍន៍ម៉ូតូអគ្គិសនីនៃក្រុមហ៊ុន Honda បានលើកឡើងថារោងចក្រផលិតម៉ូតូថ្មីៗទំនងជាស្ថិតនៅក្នុងប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។ក្រុមហ៊ុន Honda បន្ថែមថា ខ្លួនបាននិងកំពុងអភិវឌ្ឍអាគុយលីចូមហ្វេរ៉ូផូស្វាត (Lithium Ferro-PhosphateBattery)ហើយគ្រោងយកអាគុយនេះមកប្រើប្រាស់នៅឆ្នាំ២០២៥៕
