រដ្ឋាភិបាលបង្ហាញជនជាតិដែលកាន់កាប់លំនៅដ្ឋានច្រើនជាងគេនៅកូរ៉េខាងត្បូង
Yonhapបានលើកឡើងថាទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េបានបង្ហាញថា ជនបរទេសជាង៨៥.០០០នាក់បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដោយជនជាតិចិនបានកាន់កាប់ជាងពាក់កណ្តាលនៃចំនួនផ្ទះសរុប ក្នុងចំណោមជនបរទេសផ្សេងទៀត។ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថាជនជាតិបរទេសសរុបចំនួន៨៥.៣៥៨នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ដោយកើនឡើង៤,៦ភាគរយធៀបនឹងរយៈពេល

ដូចគ្នា កាលពីឆ្នាំមុន។តាមទិន្នន័យពីប្រភពខាងលើបានបង្ហាញទៀតថា ជិត៩៣,៥ភាគរយនៃជនបរទេសសរុបមានកម្មសិទ្ធិលើផ្ទះតែមួយគត់នៅប្រទេសកូរ៉េខាងត្បូងខណៈដែល៥,២ភាគរយនៃជនបរទេសកាន់កាប់ផ្ទះចំនួន២។បណ្តាជនបរទេសទាំងនោះ បានកាន់កាប់ផ្ទះសរុបចំនួន៨៧.២២៣ខ្នង ដែលស្មើនឹង០,៤៦ភាគរយនៃចំនួនផ្ទះទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ក្នុងចំណោមផ្ទះសរុបចំនួន៨៧.២២៣ខ្នង ក្នុងនោះ ជនជាតិចិនមានផ្ទះចំនួន៤៧.៣២៧ខ្នង ឬ៥៤,៣ភាគរយ ខណៈដែលជនជាតិអាមេរិកមានផ្ទះចំនួន២០.៤៦៩ខ្នង ឬ២៣,៥ភាគរយ ជនជាតិកាណាដាមានផ្ទះចំនួន៥.៩៥៩ខ្នង ឬ៦,៨ភាគរយ និងជនជាតិតៃវ៉ាន់មានផ្ទះចំនួន៣.២៨៦ខ្នង ឬ៣,៨ភាគរយ។
ជាង៧៣ភាគរយនៃផ្ទះសរុប ដែលកាន់កាប់ដោយជនបរទេសមានទីតាំង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដោយក្នុងនោះ៣៨ភាគរយនៅក្នុងខេត្ត Gyeonggi២៥,៦ភាគរយនៅទីក្រុងសេអ៊ូលនិង៩,៧ភាគរយនៅទីក្រុងអ៊ីនឈុន។ក្រសួង ដែនដី កូរ៉េខាងត្បូងបាន អះអាងថាខ្លួន នឹង ពិនិត្យ ឲ្យ បាន ហ្មត់ចត់លើ ការ ជួញដូរ អចលនទ្រព្យ របស់ ជនបរទេសដើម្បី បង្ក្រាប ករណី ទិញដីធ្លីទុកលក់ចំណេញក្នុង ប្រទេស នេះ៕
