គម្រោងស្ថាបនាឆ្លងសមុទ្រថ្មីរបស់មហាយក្សចិនជិតបញ្ចប់ជាស្ថាពរហើយ

បើតាមXinhuaបានឲ្យដឹងថាគម្រោងផ្លូវហាយវ៉េឆ្លងសមុទ្រថ្មីរបស់មហាយក្សចិនដែលតភ្ជាប់រវាងក្រុងShenzhenនិងក្រុងZhongshanក្នុងខេត្តគ័ងតុងឬក្វាងទុងជិតបញ្ចប់ជាស្ថាពរហើយ។ក្រុមហ៊ុន Guangdong Provincial Communication Group Co., Ltd បានបញ្ជាក់ថា ការងារចាក់បេតុងបង្ហើយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកា ខណៈការងារស្ថាបនាផ្លូវក្រោមបាតសមុទ្រដែលលាតសន្ធឹងប្រវែងប្រមាណ៦,៨គីឡូម៉ែត្រ។ផ្លូវក្រោមបាតសមុទ្រនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េមួយខ្សែប្រវែង២៤គីឡូម៉ែត្រដែលតភ្ជាប់ក្រុងShenzhenនិងក្រុងZhongshanឆ្លងកាត់ដៃទន្លេគជ់(Pearl River Estuary)។បណ្ដាញផ្លូវតភ្ជាប់ក្រុងShenzhenនិងក្រុងZhongshan គឺជាគម្រោងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងតំបន់ Greater Bay Area ដែលតភ្ជាប់គ័ងតុង-ហុងកុង-ម៉ាកាវ( Guangdong-Hong Kong-Macao)។បណ្ដាញផ្លូវតភ្ជាប់នេះមានផ្លូវក្រោមបាតសមុទ្រមួយ ស្ពានចំនួន២និងកោះសិប្បនិមិត្តចំនួន២ដែលធ្វើឱ្យវាក្លាយជាគម្រោងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្លងសមុទ្រដ៏ពិបាកបំផុតមួយក្នុងពិភពលោក។បណ្ដាញផ្លូវតភ្ជាប់ឆ្លងសមុទ្រនេះគ្រោងដាក់ឱ្យធ្វើចរាចរណ៍នៅឆ្នាំ២០២៤។នៅពេលដាក់ឱ្យដំណើរការពេលវេលានៃការធ្វើដំណើរឆ្លងកាត់រវាងក្រុងShenzhenនិងក្រុងZhongshanនឹងត្រូវបានកាត់បន្ថយពីរយៈពេល២ម៉ោងនាពេលបច្ចុប្បន្នមកនៅត្រឹមតែប្រមាណ២០នាទី។
លោក Deng Xiaohuaប្រធានក្រុមហ៊ុន Guangdong Provincial Communication Group Co., Ltd បានធ្វើការកត់សម្គាល់ថា បណ្ដាញផ្លូវតភ្ជាប់ក្រុងShenzhenនិងក្រុងZhongshanរួមជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដូចជាស្ពានហុងកុង-ជូហាយ-ម៉ាកាវ (Hong Kong-Zhuhai-Macao Bridge)នឹងបង្កើតបាននូវបណ្ដាញផ្លូវគមនាគមន៍ឆ្លងសមុទ្រ និងឆ្លងទន្លេក្នុងតំបន់៕
