ប្រទេសថៃនិងម៉ាឡេស៊ីជំរុញវិស័យពាណិជ្ជកម្មឆ្លងព្រំដែននិងទេសចរណ៍
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅការិយាល័យគយនៃច្រកព្រំដែនសាដាវថ្មីក្នុងខេត្តសុងក្លារបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ។នៅក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំង២បានឯកភាពគ្នាក្នុងការសម្រួលពាណិជ្ជកម្មតាមព្រំដែនទ្វេភាគីនិងទេសចរណ៍តាមច្រកត្រួតពិនិត្យ។

យោងតាមវិមានរដ្ឋាភិបាលថៃបានឱ្យដឹងថាភាគីទាំង២បានឯកភាពគ្នាក្នុងការពន្លឿនផ្លូវចូលទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសាដាវថ្មីនៅខាងព្រំដែនថៃដើម្បីបង្កើនពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងការធ្វើដំណើរ ខណៈដែលច្រកសាដាវចាស់មានទំហំតូច និងមិនអាចពង្រីកបាន។នៅខាងភាគីម៉ាឡេស៊ីប៉ុស្តិ៍ត្រួតពិនិត្យសាដាវថ្មីនឹងត្រូវតភ្ជាប់តាមផ្លូវទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យប៊ូគីតកាយូហ៊ីតាំនៅក្នុងរដ្ឋកេដាហ៍របស់ប្រទេសម៉ាឡេស៊ី។ភាគីទាំង២ក៏បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសម្របសម្រួលពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ កិច្ចការកសិកម្ម និងសន្តិសុខផងដែរ។លោក សេដ្ឋា បានស្នើឱ្យភាគីម៉ាឡេស៊ីរៀបចំកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មចម្រុះសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះឧបសគ្គពាណិជ្ជកម្មទ្វេភាគី។
លោកក៏បានស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ីឱ្យឆាប់ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងដែន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនៃប៉ុស្តិ៍ត្រួតពិនិត្យសាដាវថ្មី។
ចំពោះផ្នែកសន្តិសុខភាគីទាំងសងខាងបានព្រមព្រៀងគ្នាសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការជួញដូរសត្វព្រៃនៅតាមព្រំដែនរបស់ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី ក៏បានសន្យាថានឹងបង្កើនល្បឿននៃការកសាងស្ពានស៊ុងហ្កៃកូឡុកទីពីរដែលតភ្ជាប់ស្រុកស៊ុងហ្កៃកូឡុក នៃខេត្តណារ៉ាធីវ៉ាត់ របស់ប្រទេសថៃ និងទីក្រុងរេនតូប៉ាន់ចាងរបស់ប្រទេសម៉ាឡេស៊ី។បន្ទាប់ពីជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីថៃបាននិយាយថា លោកមានបំណងជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ហើយសង្ឃឹមថាផ្លូវនៅក្នុងប្រទេសថៃនិងម៉ាឡេស៊ីឆ្ពោះទៅកាន់ច្រកព្រំដែនសាដាវថ្មីនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥៕ប្រភពVNA
