អាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលមកកាន់ទីផ្សារ
ឯកឧត្តមវង្ស៊ីវិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣បានជួបពិភាក្សាការងារជាមួយឯកឧត្តមPatrickMurphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរនិងខ្លាំងក្លាបន្ថែមទៀត។ជាកិច្ចចាប់ផ្តើមនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតPatrickMurphyបានធ្វើការកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ(UN)ចំពោះបញ្ហអ៊ុយក្រែន។សហរដ្ឋអាមេរិកបានកត់សម្គាល់ឃើញថាកន្លងមកសហរដ្ឋអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដោយគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងថាអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាលើផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។យ៉ាងណាមិញអាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា
អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា។ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួលនិងចាត់ចែងឱ្យមានប្រគល់ត្រឡប់ជូនប្រទេសកម្ពុជា ជាម្ចាស់ដើមវិញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមសហការក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិកនៅកម្ពុជា។ឯកឧត្តម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមកក៏ដូចជារំលេចនូវផ្លែផ្កានៃជំនួយសហប្រតិបត្តិការផ្លូវការរបស់អាមេរិកនៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ជាការឆ្លើយតបឯកឧត្តមវង្សីវិស្សុតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មាន ភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិក ពិតជា មានសារៈសំខាន់ចំពោះកម្ពុជាហើយកម្ពុជាពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាមេរិកកាន់តែប្រសើរឡើង

ដើម្បីផលប្រយោជននៃប្រទេសទំាង២។ ឯកឧត្តមបានបន្តថា កម្ពុជា និងអាមេរិកមាន ចំណុច ជាច្រើន ដែលយើងអាចធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ទាំងសងខាង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថាប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិហើយកម្ពុជាមិនគាំទ្ររាល់ទង្វើបំពានណាមួយរបស់ប្រទេសធំៗមកលើប្រទេសទន់ខ្សោយនិងរំលោភច្បាប់អន្តរជាតិនោះទេ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ប្រចាំវង្សីវិស្សុតក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងបេតិកភណ្ឌជាតិ ដូចជាការ ជួយជុលប្រាសាទបាក់ខែង និងប្រាសាទព្រះវិហារ ជាដើម។ ជាពិសេសការចូលរួមសហការជួយបញ្ជូនវត្ថុបូរាណពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញផងដែរ។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជា សហរដ្ឋអាមេរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តម វង្សី វិស្សុត បានស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្តនិងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបនេះដែរភាគីទាំង២ក៏បានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងការទូតរវាងប្រទេសទាំង២ក៏ដូចជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ ដើម្បីចូលរួមចំណែកជួយពង្រឹងវិបុលភាព ស្ថិរភាព និង សន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ភាគីទាំង២ក៏បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការលើ វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ សេដ្ឋកិច្ច កសិកម្ម និង បរិស្ថានជាដើម៕
