អ៊ីស្រាអែលបានព្រមានថាខ្លួនអាចប្រើកម្លាំងទាំងអស់ដើម្បីវាយប្រហារក្រុមហាម៉ាសបន្ទាប់ពីបទឈប់បាញ់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuបាននិយាយថា ក្រុងTelAvivចង់បន្តបទឈប់បាញ់ជាមួយក្រុមហាម៉ាស់។ប៉ុន្តែនៅតែអាចប្រើប្រាស់កម្លាំងទាំងអស់ដើម្បីវាយប្រហារលើកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីនបន្ទាប់ពីបទឈប់បាញ់បានបញ្ចប់។RT បានរាយការណ៍ថា លោក Netanyahuកាលពីថ្ងៃទី២៦ខែវិច្ឆិកាបាននិយាយអំពីការសន្ទនាជាមួយប្រធានាធិបតីអាមេរិក Joe Bidenទាក់ទងនឹងសង្គ្រាមជាមួយក្រុមហាម៉ាស់។លោក Netanyahu បានរំលឹកឡើងវិញថាអ៊ីស្រាអែលមានឆន្ទៈក្នុងការបន្តបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ដែលរំពឹងថានឹងបញ្ចប់នៅល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ជាមួយនឹងលក្ខខណ្ឌថាសម្រាប់ថ្ងៃឈប់បាញ់គ្នា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំង១០នាក់បន្ថែមទៀត។
“ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏បានប្រាប់ប្រធានាធិបតី Biden ថា នៅពេលដែលបទឈប់បាញ់បានបញ្ចប់យើងនឹងលះបង់ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង៖ កម្ចាត់ក្រុមហាម៉ាស់ធានាថាហ្គាហ្សានឹងមិនត្រឡប់ទៅដូចដើមវិញទេ ហើយពិតណាស់ដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់។” លោកបានបន្ថែម។

ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់ រួមទាំងជនបរទេសជាច្រើននាក់ផងដែរ។បន្ទាប់ពីបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា។កិច្ចពិភាក្សាដ៏តានតឹងដែលសម្របសម្រួលដោយកាតាបាននាំឱ្យមានកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនដែលក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំង៥០នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន១៥០នាក់ជាដំណាក់កាល។ បទឈប់បាញ់នេះក៏អនុញ្ញាតឱ្យរថយន្តរាប់រយគ្រឿងដែលដឹកជំនួយមនុស្សធម៌អាចរំកិលចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបិទនោះដែរ។
មកទល់នឹងពេលនេះ ចំណាប់ខ្មាំងអ៊ីស្រាអែល ៣៩នាក់ និងអ្នកទោសប៉ាឡេស្ទីន ១១៧នាក់ ត្រូវបានភាគីទាំង២ផ្លាស់ប្តូរ។ បន្ថែមពីលើនេះ មនុស្សជាង ២០នាក់ផ្សេងទៀតត្រូវបានក្រុមហាម៉ាស់ដោះលែងក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នា។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦ខែវិច្ឆិកា ក្រុមហាម៉ាស់បាននិយាយថាខ្លួនកំពុងស្វែងរកការបន្តបទឈប់បាញ់ “តាមរយៈការខិតខំប្រឹងប្រែងយ៉ាងធ្ងន់ធ្ងរដើម្បីបង្កើនចំនួនអ្នកដែលត្រូវបានដោះលែង”។ប្រភពស្និទ្ធនឹងក្រុមនេះបានប្រាប់AFPថាក្រុមហាម៉ាស់ត្រៀមខ្លួនជាស្រេចក្នុងការបន្តបទឈប់បាញ់ពី២ទៅ៤ថ្ងៃទៀត។ប្រភពនោះបាននិយាយថា៖ «ក្រុមហាម៉ាស់អាចធានាការដោះលែងអ្នកទោសអ៊ីស្រាអែលពី ២០ ទៅ ៤០ នាក់៕ប្រភពRT
