វៀតណាមប្ដេជ្ញាប្រឆាំងអំពើពុករលួយបន្ទាប់ពីលាតត្រដាងរឿងអាស្រូវហិរញ្ញវត្ថុក្នុងវិស័យចលនទ្រព្យ
វៀតណាមបានប្ដេជ្ញាយុទ្ធនាការប្រឆាំងអំពើពុករលួយ“រយៈពេលវែង” ដែលបានបង្កផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចវៀតណាម។
ការប្ដេជ្ញានេះធ្វើឡើងបន្ទាប់ពីប៉ូលីសបានលាតត្រដាងរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំដែលមានទំហំជាង៣%នៃផលទុនជាតិសរុប(GDP)របស់ប្រទេសនេះនៅក្នុងវិស័យអចលនទ្រព្យ។នេះបើយោងតាមសារព័ត៌មាន CNA ។
យុទ្ធនាការប្រឆាំងអំពើពុករលួយនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦។ប៉ុន្តែវាមានសន្ទុះខ្លាំងកាលពីឆ្នាំមុនបន្ទាប់ពីអាជ្ញាធរវៀតណាម បានធ្វើការបង្ក្រាបករណីឆបោកទ្រង់ទ្រាយធំនិងករណីអំពើពុករលួយពាក់ព័ន្ធនាយកប្រតិបត្តិកំពូលៗនិងក្រុមមន្ត្រីរដ្ឋជាន់ខ្ពស់។

លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា “យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព”។
លោកបានបន្ថែមថា“យើងនឹងមិនបញ្ឈប់ត្រឹមនេះទេ។ប៉ុន្តែនឹងបន្តរយៈពេលវែង”។លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានបញ្ចេញកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបង្ហាញថា នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងចំណោមរឿងអាស្រូវលោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat HoldingsGroupនិងបក្ខពួកបានគៃបន្លំប្រាក់ដល់ទៅ១២,៥៤ពាន់លានដុល្លារអាមេរិក ពីធនាគារពាណិជ្ជ Saigon Joint Stock Commercial Bank។
នៅក្នុងរឿងអាស្រូវដាច់ដោយឡែកមួយទៀត ប៉ូលីសកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកាបានចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ TanHoangMinhGroupថាបានកៀរគរដើមទុនបានប្រមាណ៣៥៥លានដុល្លារអាមេរិកដោយខុសច្បាប់តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណលក់ឱ្យអ្នកវិនិយោគចំនួន៦.៦០០នាក់៕
