អ.ម.តសហប្រតិបត្តិការជាមួយសមាគមសភាពាណិជ្ជកម្មអានហ៊ួយ
នារសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៣លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត)បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគមអ.ម.តសមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជានិងសាកលវិទ្យាល័យអានហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិនលើកិច្ចសហប្រតិបត្តិការការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន។
លោកលីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជាបានឲ្យដឹងថាឆ្នាំ២០២៣គឺជាខួបលើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនដែលជាមិត្ត ភាពបែបប្រពៃណីនិងមានរយៈកាលយូរអង្វែងមួយព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់។ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជាក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈតំណាងអចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ។

ជាពិសេសកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យដែល សម្រេចបានពីពិធីចុះហត្ថលេខានេះព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃសមាគមអ.ម.តក៏ដូចជាសមាគមពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជាដែលតែងយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមួយនេះ។ជាការឆ្លើយតបលោកជំទាវបណ្ឌិតបានថ្លែងអំណរគុណចំពោះសមាគមអានហ៊ួយនៅកម្ពុជាដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាតាមរយៈសមាគមអ.ម.តក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយដែលតែងជួយសម្រួបសម្រួលដល់ ការសិក្សានិងស្នាក់នៅរបស់និស្សិតអ.ម.តដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។
លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់ផងដែរថាដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាព ចម្បងលើការអភិវឌ្ឍធនធានមនុស្សដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ហើយក៏ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ ។ គិតចាប់តាំងពីឆ្នាំ ២០១១សមាគម អ.ម.តបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងក្របខណ្ឌក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យចំនួន១៨៦ហើយ៕
