ប្រទេសថៃកំពុងពន្លឿនការអភិវឌ្ឍទីក្រុងឆ្លាតវៃ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ភុមថាំ វេចាយ៉ាចៃបាននិយាយថាប្រទេសថៃកំពុងពន្លឿនការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រទេស និងគុណភាពជីវិតសម្រាប់សហគមន៍ទីក្រុងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព។នេះបើតាមការចេញផ្សាយVNA។
នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯពិធីពិព័រណ៍ទីក្រុងឆ្លាតវៃថៃឆ្នាំ២០២៣ លោក ភុមថាំ បាននិយាយថាការអនុវត្តនេះ គឺជាផ្នែកមួយនៃរបៀបវារៈជាតិ ដោយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោយផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ការអភិវឌ្ឍទីក្រុងដែលមានភាពធន់និងមានភាពអាចប្រែប្រួលក្នុងការផ្លាស់ប្តូរបាន។យោងតាមអ្នករៀបចំកម្មវិធីពិព័រណ៍នោះបានឱ្យដឹងថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) បាននិយាយថា កម្មវិធីពិព័រណ៍នេះផ្តល់ឱកាសសម្រាប់អ្នកគ្រប់គ្រងទីក្រុង និងអ្នកគ្រប់គ្រងគម្រោងពីវិស័យសាធារណៈ និងឯកជនដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យានវានុត្តន៍ ក៏ដូចជាសម្រាប់អាជីវកម្មបច្ចេកវិទ្យានិងអ្នកចែកចាយដើម្បីជួបជាមួយអតិថិជន។យោងតាមទីភ្នាក់ងារ DEPA បានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំនេះ ប្រទេសថៃបានអនុម័តទីក្រុងចំនួន៣៦ ក្នុងខេត្តចំនួន២៥ ជាទីក្រុងឆ្លាតវៃ
ដោយមានផែនការកំណត់គោលដៅទីក្រុងបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍទីក្រុងជាបន្តបន្ទាប់តាមរយៈគោលនយោបាយសមស្របតាមកំណើនក្នុងតំបន់។នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមថៃបានប្រកាសកាលពីពេលថ្មីៗនេះពីការលើកទឹកចិត្តរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ«ទីក្រុងឆ្លាតវៃ»នៅក្នុងខេត្តនានាទូទាំងប្រទេសថៃដោយស្នើឱ្យមានការកាត់បន្ថយពន្ធសាជីវកម្មចំនួន៥០%សម្រាប់រយៈពេល៣ឆ្នាំផងដែរ៕
