កម្ពុជា និងចិនសហការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន២ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់លើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំង២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន២គឺ១.កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់និង២.ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបណ្ឌិត Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិននិង លោកស្រីបណ្ឌិតជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះនិងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំង២។អនុស្សរណៈយោគយល់នេះមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិននិងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគនិងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា៕
រូបភាពសហការី
