ប្រទេសប៉ាគីស្ថានបានដាក់ពាក្យចូលរួមជាមួយ BRICS ក្នុងឆ្នាំ2024
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅរុស្ស៊ីបាននិយាយថាប៉ាគីស្ថានបានដាក់ពាក្យចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេលើពិភពលោក(BRICS)នៅឆ្នាំ២០២៤។ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន Tass ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសរុស្ស៊ី លោក Muhammad Khalid Jamali បានបញ្ជាក់ថា ប៉ាគីស្ថានសង្ឃឹមថានឹងក្លាយជាសមាជិកនៃBRICSនៅឆ្នាំ២០២៤នៅពេលដែលរុស្ស៊ីកាន់តំណែងជាប្រធានប្តូរវេននៃក្រុមនេះ។

លោក Jamali បាននិយាយថា“ប៉ាគីស្ថានមានបំណងចង់ក្លាយជាផ្នែកមួយនៃអង្គការដ៏សំខាន់នេះហើយយើងកំពុងស្ថិតនៅក្នុងដំណើរការនៃការឈានដល់ប្រទេសសមាជិកជាទូទៅនិងប្រទេសរុស្ស៊ី។ជាពិសេសដើម្បីគាំទ្រដល់សមាជិកភាពរបស់ប៉ាគីស្ថាន” ។ក្រុម BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ហើយរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
នៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្រ្វិកខាងត្បូងក្នុងខែតុលា BRICS បានសម្រេចចិត្តអញ្ជើញប្រទេសចំនួន៦បន្ថែមទៀតឱ្យចូលរួមក្នុងក្រុមនេះ រួមមាន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ បេក្ខជនថ្មីនឹងត្រូវចូលជាសមាជិកនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤។បច្ចុប្បន្ន BRICS មានប្រហែល៤១% នៃចំនួនប្រជាជនពិភពលោក ប្រហែល២៤% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និងប្រហែល១៦% នៃពាណិជ្ជកម្មពិភពលោក៕
