សូចនាករគោលដៅធំៗចំនួន៥រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧
ប្រសាសន៍សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាប្រទេសដែលមានចំណូលខ្ពស់គេមិនគិតថារដ្ឋមានលុយប៉ុន្មានទេគេគិតថាប្រជាជនម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន? នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ការថ្លែងរបស់សម្តេចនាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រមាណ១៨១០៨នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្តេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករគោលដៅធំៗចំនួន៥ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ រយៈពេល៥ឆ្នាំនៃអាណត្តិនេះជាគោលដៅធំដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណដំណាក់កាលទី១និងដំណាក់កាលបន្តទៀតដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា“យើងដើរមកដល់ពេលនេះចំណូលប្រជាជនបានកើនហើយៗយើងសប្បាយរីករាយណាស់តែមិនទាន់ចប់នោះទេមហិច្ឆតារបស់យើងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងកាន់តែមានបាននិងទទួលផលលាភទៅដល់កូនចៅប្រជាពលរដ្ឋ។រាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ប្រសើរជាងនេះ៕
