ងារឧកញ៉ានឹងត្រូវដកវិញវិញប្រសិនបើរកឃើញកំហុសទាំងប្រាំនេះ
ព្រះមហាក្សត្រអាចបញ្ចប់គោរមងារឧកញ៉ាទាំងឡាយណាដែលប្រកបមុខរបរខុសច្បាប់ឬមានទោសមជ្ឈិមឡើងទៅ។នេះបើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ាចេញផ្សាយកាលពីពេលថ្មីៗនេះដោយបន្ថែមថា ករណីមួយចំនួនទៀតដែលត្រូវដកហូតគោរមងារឧកញ៉ានេះរួមមានការមិនបង់វិភាគទាន៣ឆ្នាំជាប់ៗគ្នាដោយគ្មានមូលហេតុនិងការរកឃើញថាឯកសារស្នើសុំគោរមងារមានការក្លែងបន្លំ។ដោយឡែកមាននាយករដ្ឋមន្ត្រីតែមួយគត់ប៉ុណ្ណោះជាអ្នកដែលអាចស្នើទៅព្រះមហាក្សត្រដកហូតគោរមងារឧកញ៉ានេះ។គោរមងារឧកញ៉ានៅកម្ពុជាបច្ចុប្បន្នមាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ានិងឧកញ៉ា។ទោះយ៉ាងណាគោរមងារឧកញ៉ាអាចនឹងត្រូវបានបញ្ចប់វិញក្នុងលក្ខខណ្ឌ៥យ៉ាង។
១. គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
២. គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំ រយៈពេល៣ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ

៣. គោរមវន្តត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
៤. ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា មិនប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរខុសច្បាប់ និងធ្វើសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លែថ្នូររបស់គោរមងារឧកញ៉ា។
៥. ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ។សូមបញ្ជាក់ថាគិតត្រឹមខែសីហាឆ្នាំ២០២៣កន្លងនេះ អ្នកដែលមានគោរមងារឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា មានប្រមាណសរុប១៣០០នាក់ចូលរួមចំណែកច្រើនណាស់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាបានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ាមានសមត្ថកិច្ចពិនិត្យវាយតម្លៃនិងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។ដូច្នេះការបញ្ចប់គោរមងារឧកញ៉ាក៏នឹងត្រូវឆ្លងកាត់គណៈកម្មការនេះផងដែរដែលលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ានិងអនុប្រធានចំនួន ២រូប គឺលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធាន, លោក ឈួនឆាមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជាអនុប្រធានប្រចាំការ ហើយក្នុងនោះមានអ្នកឧកញ៉ា លី ហួរស្ថិតក្នុងគណៈកម្មការអន្តរក្រសួង៕
