តើការអភិវឌ្ឍតំបន់កោះនរាចែកផលអ្វីដល់ដៃប្រជាពលរដ្ឋ?
ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានគូសបញ្ជាក់ថាការអភិវឌ្ឍតំបន់កោះនរា មិនមែនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជននោះទេតែក៏បានផ្ដល់ប្រយោជន៍និងចែកផលលាភដល់ដៃប្រជាពលរដ្ឋទូទៅតាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មនិងផលិតភាពការងារ។ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរានិងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ហើយរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។សម្តេចធិបតីថ្លែងបញ្ជាក់ថាការអភិវឌ្ឍនេះ នឹងជំរុញកំណើនសេដ្ឋ កិច្ចដែលជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង និងឃើញផ្លែផ្កាដែលបានកើតចេញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាការអភិវឌ្ឍតំបន់កោះនរានេះគឺដើម្បីឱ្យក្លាយជាតំបន់មានសកម្មភាពសេដ្ឋកិច្ចដូចទៅនឹងការអភិវឌ្ឍតំបន់កោះពេជ្រដែរ។ដែលនឹងមានផ្សារទំនើប លំនៅឋាន ការិយាល័យធ្វើការ និងសួនកម្សាន្ដសម្រាប់ប្រជាពលរដ្ឋថែមទៀត។សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍដែលមានន័យបំផុតគឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ ក្រុមហ៊ុន OCIC ទេ។ ការអភិវឌ្ឍតំបន់កោះនរាក៏ដូចជាតំបន់ផ្សេងៗទៀតគឺជាការអភិវឌ្ឍពិតប្រាកដដែលបានផ្ដល់ផលលាភដល់ប្រជាពលរដ្ឋ។នេះបើតាមការបញ្ជាក់សម្ដេចមហាបវរធិបតី ៕
