ឆ្នាំនេះ៖តើមានទូកនិងប្រទីបប៉ុន្មានចូលរួមប្រណាំងនិងបណ្តែត ក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ?

តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឲ្យដឹងថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥ កើតនិងថ្ងៃ១រោចខែកក្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចំនួន ៣៣៨ទូកនិងប្រទីប៣០ នឹងចូលរួមប្រណាំងនិងបណ្តែតនៅតាមដងទន្លេសាបស្ថិតនៅមុខព្រះបរមរាជវាំង។បើយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក, ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២ ០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។ ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន៣០ក្នុងនោះមកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន២៨និងប្រទីបវិស័យឯកជនចំនួន២ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក ៕
