ទីម័រលេស្តេសហការគ្នាទិញអង្ករពីកម្ពុជាចំនួន៤០០០តោនជាលើកដំបូង
នាព្រឹកថ្ងៃពុធទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ប្រទេសទីម័រលេស្តេបានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន៤០០០តោនជាលើកដំបូងបន្ទាប់ពីប្រទេសទាំង២បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករកាលពីឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងលោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ចនៃប្រទេសទីម័រលេស្តេ កាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន៤០០០តោនក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ នៅក្នុង ជំនួបកិច្ចពិភាក្សាការងារ។
កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពី សក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។ឯកឧត្តម ចាន់ សុខទី បានបញ្ជាក់ថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀត សម្រាប់កម្ពុជាក្នុងវិស័យស្រូវអង្ករហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ៕
