សម្តេចធិបតី៖វិស័យអចលនទ្រព្យនៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

សម្តេចធិបតីហ៊ុន ម៉ាណែតនារសៀលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរាស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមនរាជធានីភ្នំពេញ។ឆ្លៀតនាឱកាសនោះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់កម្ពុជាហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ វិធានការលើកទឹកចិត្តសារពើពន្ធ,ពន្ធប្រថាប់ត្រា,ទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ,ពន្ធដីធ្លីមិនបានប្រើប្រាស់និងពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យជាដើម។
សម្តេចធិបតីបានបន្ថែមថារាជរដ្ឋាភិបាលក៏យល់ច្បាស់អំពីសម្ពាធនៃវិស័យហិរញ្ញវត្ថុនៅក្នុងបរិបទនេះផងដែរ។ហើយបានជំរុញលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តនិងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរី។រាជរដ្ឋាភិបាលក៏នឹងជំរុញបន្ថែមទៀតឱ្យវិស័យអចលនទ្រព្យកម្ពុជាកាន់តែមានការទាក់ទាញពីវិនិយោគិនបរទេសក្នុងការប្រើប្រាស់“យន្តការសិទ្ធិជួលរយៈពេលវែង”ដែលជាយន្តការស្របច្បាប់មួយអនុញ្ញាតឱ្យមានចុះកិច្ចសន្យាជួលរយៈពេលវែងនូវអចលនទ្រព្យទាំងនោះក្នុងរយៈពេលចាប់ពី១៥ឆ្នាំដល់៥០ឆ្នាំនិងអាចបន្តការជួលរយៈពេល៥០ឆ្នាំទៀតដោយទទួលបាននូវសិទ្ធិប្រត្យក្សស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ។ត្រង់ចំណុចនេះសម្តេចនាយករដ្ឋមន្ត្រីបានបកស្រាយបញ្ជាក់ពាក់ព័ន្ធនឹងការយល់ច្រឡំមួយចំនួនថានេះគឺជាការលក់ដីឱ្យបរទេសដែលប្រាសចាកទាំងស្រុងពីស្មារតីនៃយន្តការនេះពីព្រោះគ្រាន់តែជាយន្តការជួលដែលមានរយៈពេលវែងហើយមានបទដ្ឋានគតិយុត្តត្រឹមត្រូវនិងច្បាស់លាស់ដោយអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមិនអនុញ្ញាតឱ្យជនបរទេសទាំងជារូបវន្តបុគ្គលទាំងជានីតិបុគ្គលអាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះឡើយមានតែសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីនេះ៕
