នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសផ្តល់កម្ចីជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃច័ន្ទបានប្រកាសរៀបចំជាកម្មវិធីផ្តល់កម្ចី ដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប ដែលរងផលប៉ះពាល់ខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយវិស័យឯកជន ក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចី ដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ។

សម្តេចធិបតីបានបន្តថា ប្រតិបត្តិករទេសចរដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ដោយបានបន្ថែមថា ចំណាត់ការនេះគឺដើម្បីធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមានភាពទាក់ទាញឡើងវិញ។
សម្តេចបានលើកឡើងទៀតថា “ខេត្តសៀមរាបបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមគោលដៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយ វាជារឿងចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការកំណត់យុទ្ធសាស្ត្រធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តមានភាពរស់រវើកឡើងវិញ”។សម្តេចនាយករដ្ឋមន្រ្តីបានអោយដឹងទៀតថាកម្ពុជាក៏បានផ្តួចផ្តើមយុទ្ធនាការពិសេសដែលមានឈ្មោះថា “ទៅទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤” ដើម្បីស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាត។តំបន់ឧទ្យានបុរាណអង្គរស្ថិតនៅក្នុងខេត្តសៀមរាបនិងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយក៏ជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់កម្ពុជា។
តំបន់នេះមានទំហំ ៤០១ គីឡូម៉ែត្រការ៉េ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦០២,៥៧០ នាក់ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៣កើនឡើង២៥៦ ភាគរយធៀបនឹងឆ្នាំមុននិងរកចំណូលបានជិត២៨ លានដុល្លារពីការលក់សំបុត្រ នេះបើយោងតាមគ្រឹះស្ថានអង្គរ។តួលេខនេះនៅតែមានកម្រិតទាបបើប្រៀបធៀបទៅនឹងភ្ញៀវទេសចរបរទេសចំនួន ២.២លាននាក់ដែលមកទស្សនាតំបន់នេះមុនពេលមានការរាតត្បាតនៃជំងឺក្នុងឆ្នាំ២០១៩ដោយរកបានចំណូលសរុបចំនួន៩៩លានដុល្លារពីការលក់សំបុត្រ៕Xinhua
