សម្ដេចនាយករដ្ឋមន្ត្រីប្រាប់ពីកាតព្វកិច្ចមិនជាប់ពន្ធ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាដីដែលមិនបានប្រើប្រាស់ហើយមានទំហំចាប់ពី៥ ហិកតាចុះក្រោមនោះនឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។ការថ្លែងក្នុងវេទិកា“រាជរដ្ឋាភិបាល-ផ្នែកឯកជន” លើកទី១៩នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតីបន្ថែមថា ក្រៅពីដីដែលមានទំហំ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ។

ក្នុងនោះមានដូចជាដីដែលកំពុងប្រើប្រាស់ដាំដុះដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួលដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់និងមានទំហំលើសពី៥ហិកតា នឹងចាប់អនុវត្តន៍នៅដើមឆ្នាំ២០២៥។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះគឺមិនយកពន្ធលើផលចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។
សម្ដេចនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថារដ្ឋមិនចង់ដើរតួនាទីជានគរបាលដែលរង់ចាំត្រួតពិនិត្យនិងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាលចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជនដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕
