Daily News Sharing

ត្រឡប់​ពី​ស្លាប់​វិញមេ​ដឹក​នាំ​អាថ៌​កំបាំង​របស់​ក្រុម​ហាម៉ាស់បញ្ជា​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល?

86

អ្នកស៊ើបការណ៍អ៊ីស្រាអែលជឿថាមេដឹកនាំក្រុមហាម៉ាស់Mohammed Sinwarដែលត្រូវបានគេជឿថាបានស្លាប់នៅក្នុងឆ្នាំ២០១៤នៅមានជីវិតដោយលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីហ្គាហ្សាស្រ្ទីបអស់រយៈពេលជាច្រើនឆ្នាំ និងជាអ្នករៀបចំការវាយប្រហារនៅថ្ងៃទី៧ខែតុលា។Mohammed Sinwar គឺជាប្អូនប្រុសរបស់មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប Yahya Sinwar ដែលត្រូវបានអ៊ីស្រាអែលចាត់ទុកថាជាភេរវករចង់បានបំផុត។

លោក Mohammed ខ្លួន​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុគ្គល​មាន​ជំនាញ​ខាង​ការ​ចាប់​ជំរិតនិង​ការ​ជ្រៀត​ចូល​ឆ្លង​ដែន។វាត្រូវបានគេរាយការណ៍ថាមនុស្សម្នាក់នេះបានស្លាប់នៅក្នុង២០១៤។ប៉ុន្តែអ្នកស៊ើបការណ៍អ៊ីស្រាអែលបានបញ្ជាក់ថាលោកលាក់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងផ្លូវរូងក្រោមដីនៅក្រោមតំបន់ហ្គាហ្សាស្ទ្រីប។យោងតាមព័ត៌មានពីអ៊ីស្រាអែលលោកបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារកាលពីខែមុន ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១.២០០នាក់។ក្រុមហាម៉ាស់ក៏បានចាប់ជំរិតមនុស្សរាប់រយនាក់ធ្វើជាចំណាប់ខ្មាំងដោយសង្ឃឹមថានឹងប្រើប្រាស់ចំណាប់ខ្មាំងទាំងនេះដើម្បីផ្លាស់ប្តូរជនជាតិប៉ាឡេស្ទីនប្រហែល៥,០០០ នាក់នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

Middle Content

អតីតនាយកទទួលបន្ទុកប្រឆាំងភេរវកម្មនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល (Mossad) បានប្រាប់កាសែត Telegraph (ចក្រភពអង់គ្លេស) ថាមានក្រុមមនុស្សសំខាន់ពី៣ទៅ៤នាក់នៅពីក្រោយការវាយប្រហារលើអ៊ីស្រាអែលនៅដើមខែតុលា។”លោក(Mohammed Sinwar) គឺពិតជាសមាជិកនៃក្រុមស្នូលដែលរៀបចំផែនការវាយប្រហារថ្ងៃទី៧ខែតុលា។ លោកមានតួនាទីសំខាន់ណាស់ក្នុងភាពជាអ្នកដឹកនាំយោធា។ បុគ្គលនេះជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីចង់បានរួមជាមួយនឹងមនុស្សដូចជា Mohammed Deif, Marwan Issa ។ និង Tawfiq Abu Naim លោកគឺជាឥស្សរជនដ៏សំខាន់ ហើយពិតជានៅមានជីវិត។

Mohammed ត្រូវ​បាន​គេ​សរសើរ​ថា​បាន​ជួយ​សង្គ្រោះ​បង​ប្រុស​របស់​លោក​ឈ្មោះ Yahya Sinwar ពី​គុក​ក្នុង​ប្រទេស​អ៊ីស្រាអែល​បន្ទាប់​ពី​ការ​ដោះ​ដូរ​ចំណាប់​ខ្មាំង​ក្នុង​ឆ្នាំ ២០១១។

យោងតាមលោក Rone Salomon – អ្នកវិភាគចារកម្មឯករាជ្យម្ចាស់ប្លុក Intelli Times – Mohammedត្រូវបានកំណត់ថាជាអ្នករៀបចំផែនការសំខាន់ក្នុងការរៀបចំសង្រ្គាមការសម្លាប់រង្គាលនិងការចាប់ជំរិតប្រជាជនអ៊ីស្រាអែលយ៉ាងច្រើននៅក្នុងការតាំងទីលំនៅរបស់ប្រជាជន។បច្ចុប្បន្ននេះសូម្បីតែប្រជាជននៅហ្គាហ្សាក៏លែងស្គាល់ Mohammed ដែរ។បុគ្គលនេះត្រូវបានពិពណ៌នាថាតែងតែផ្លាស់ទីដោយសម្ងាត់ក្នុងចម្ងាយកំណត់ ដើម្បីជៀសវាងការធ្វើឃាត។ លោក Salomon បាននិយាយថា Mohammedបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួន៦លើកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញផ្ទះគ្រួសាររបស់ Mohammed នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០០៤។ នោះគឺជាពេលដែល Mohammedត្រូវរស់នៅក្រោមដីបន្ទាប់ពីបានរត់គេចពីការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ២០០៣។១០ឆ្នាំក្រោយមក នៅកម្រិតខ្ពស់នៃសង្រ្គាមឆ្នាំ២០១៤រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល ក្រុមហាម៉ាស់បានប្រកាសថាMohammedបានស្លាប់ដោយបញ្ចេញរូបថតដែលបង្ហាញលោកដេកលើគ្រែប្រឡាក់ឈាម។

លោកSalomonបានពន្យល់ថា ការក្លែងបន្លំការស្លាប់របស់ Mohammed គឺជាផ្នែកមួយនៃបេសកកម្មដើម្បីការពារ”មេបញ្ជាការស្រមោល” ម្នាក់ក្នុងចំណោម៣នាក់របស់ក្រុមហាម៉ាស់។ចាប់តាំងពីពេលនោះមក Mohammedមិនដែលបង្ហាញខ្លួនជាសាធារណៈទេ។ប៉ុន្តែគ្រាន់តែបង្ហាញខ្លួនជាស្រមោលនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera Arabic ក្នុងខែឧសភាឆ្នាំ២០២២។Mohammedមិនបានបង្ហាញខ្លួននៅក្នុងពិធីបុណ្យសពឪពុករបស់លោកក្នុងខែមករាឆ្នាំ២០២២។កងកម្លាំងការពារអ៊ីស្រាអែល(IDF)បានប្រកាសថាទាហាននៃកងពលតូចទី៧បានវាយឆ្មក់ការិយាល័យដែលមានទំនាក់ទំនងជាមួយMohammedជាកន្លែងដែលពួកគេបានរកឃើញ “ឯកសារស្តីពីគោលលទ្ធិយោធា” ។ក្រឡេកមើលទៅក្រោយ Mohammed គឺជាឥស្សរជនដ៏លេចធ្លោម្នាក់នៅក្នុងក្រុមហាម៉ាស់។ លោកត់គឺជាមនុស្សជំនាន់ទី១ដែលចូលរួមក្នុងជួរក្រុមហាម៉ាស់ ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៨៧។ បន្ទាប់ពីបានឈានមុខក្នុងមុខតំណែងជាច្រើន ក្នុងឆ្នាំ២០០៥លោក Mohammed បានក្លាយជាមេបញ្ជាការកងពលតូច Khan Younis ។

អ្នកស៊ើបការណ៍អ៊ីស្រាអែលជឿថាឥឡូវនេះ Mohammed ត្រូវបានចោទប្រកាន់ពីបទការពារបងប្រុសរបស់លោកឈ្មោះ Yahya Sinwar ដែលអ៊ីស្រាអែលពិពណ៌នាថាជា “មនុស្សស្លាប់កំពុងដើរ”៕

Footer Content