Daily News Sharing

ព្រះមហាក្សត្រអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជារួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ

16


ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជឱង្ការអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ។

ព្រះមហាក្សត្រមានព្រះរាជឱង្ការថាបុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះជាទិវារម្លឹកពីគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ”ព្រះករុណាព្រះបរមរតនកោដ្ឋ”ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលយើងទាំងអស់គា្ននៅចងចាំបានថាជាចលនាមហាសាមគ្គីជាតិដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥២ជាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។

ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ“ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញវិញឡើយដរាបណាព្រះអង្គមិនបានទទួលឯករាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។

នៅពេលនោះដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជាមួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើងនូវអំណាចនិងសមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ។

Middle Content

ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាតដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញឡើយ។

ដូច្នេះចាប់ពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើនឹងសាធារណរដ្ឋបារាំងគឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌។ព្រះអង្គបន្តថា ក្នុងឱកាសនេះ ក៏កំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុងស្មារតីគោរពនិងចងចាំជានិច្ច។

បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ។ប៉ុន្តែកំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែមទៀត។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការគូសបញ្ជាក់ថាអង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេសកកម្មនិងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិនិងប្រជារាស្ត្រ កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខសន្តិភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យស្របតាមយន្តការនៃការគ្រប់គ្រងប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។ព្រះអង្គគូសបញ្ជាក់ទៀតថា សុន្ទរកថាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែល ព្រះអង្គ សូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថានេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍកែប្រែមាតុភូមិកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។

រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយនិងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការសង្កត់ធ្ងន់ថា តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិនិងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិជាព្រះស្ថាបនិកដ៏ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីតស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាមាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើងពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។សូមជម្រាបជូនថាយាងនិងអញ្ជើញចូលរួមក្នុងមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (ថ្ងៃ៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅព្រះពន្លាទីនាំងចន្ទឆាយា ខាងមុខព្រះបរមរាជវាំង មានការចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេអគ្គមហាពញាចក្រី ហេងសំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កាយរឹទ្ធកម្ពុជាយុវជនកាកបាទក្រហមកម្ពុជាសហភាពសហព័ន្ធយុវជនកម្ពុជាសម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងសិស្សានុសិស្សប្រមាណជាង ១ម៉ឺននាក់៕ប្រភពSHS

Footer Content