ក្នុងរយៈពេល១០ខែដំបូងកម្ពុជារកចំណូលបាន៣៧៧,៥លានដុល្លារពីការនាំចេញអង្ករ
សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថាកម្ពុជាបាននាំចេញអង្ករចំនួន ៥២៩,៩២៤ តោនក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៣៧៧,៥លានដុល្លារ។នេះបើតាមការចេញផ្សាយរបស់Xinhua។

សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «រយៈពេល១០ខែដំបូង ការនាំចេញអង្កររបស់កម្ពុជាសម្រេចបាន ៧៦ភាគរយនៃចំនួន ៧០ម៉ឺនតោន ដែលគ្រោងទុកសម្រាប់ឆ្នាំ២០២៣»។ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៥៩ ក្នុងអំឡុងពីខែមករាដល់ខែតុលាឆ្នាំនេះ ដោយបន្ថែមថាប្រទេសចិននៅតែជាអ្នកទិញអង្ករនាំមុខគេ។
សេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,២៨៥តោនទៅកាន់ប្រទេសចិនក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១១៥,៣ លានដុល្លារ។ប្រភេទអង្ករដែលប្រទេសនាំចេញមានដូចជា អង្ករសែនក្រអូប អង្ករសរីរាង្គ អង្ករស អង្ករសំរូប និងអង្ករជប៉ុន៕ប្រភពXinhua
