អស្ថិរភាពភូមិសាស្ត្រនយោបាយបង្កហានិភ័យដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គាហាតាតូបានលើកឡើងអំពីហានិភ័យជាច្រើនដែលកើតចេញពីស្ថានភាពភូមិសាស្ត្រនយោបាយដែលមានលក្ខណៈមិនស្ថិតស្ថេរ ដែលនឹងប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះថាស្ថានភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់នៅមជ្ឈិមបូព៌ានិងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ក៏បានបន្ថែមទៅលើអស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។លោក អ៊ែរឡាងហ្គាបាននិយាយថារដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពនេះហើយនឹងបន្តព្យាយាមកាត់បន្ថយហានិភ័យដែលកើតឡើងពីជម្លោះនៅមជ្ឈិមបូព៌ា។

លោកបានព្យាករណ៍ថាការកើនឡើងជាបន្តបន្ទាប់នេះនឹងប៉ះពាល់ដល់តម្លៃទំនិញជាច្រើនរួមទាំងប្រេងឥន្ធនៈផងដែរ ដោយលោកបាននិយាយបន្ថែមថានៅពេលដែលកំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះឥទ្ធិពលនៃការកើនឡើងតម្លៃនឹងកើតមានយ៉ាងខ្លាំង។
លោកអ៊ែរឡាងហ្គាក៏បានលើកឡើងផងដែរអំពីបាតុភូតអាកាសធាតុអ៊ែលនីណូថាជាបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។
នៅពេលមុននេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី ឥន្រ្តាវ៉ាទី បាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ដោយប្រទេសចិនសហរដ្ឋអាមេរិកនិងអឺរ៉ុបកំពុងព្យាយាមគ្រប់គ្រងរដ្ឋសេដ្ឋកិច្ចរៀងៗខ្លួន៕ប្រភពVNA
