កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង៤,៩៤%នៅក្នុងត្រីមាសទី៣
កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ បានកើនឡើង ៤,៩៤% ពីមួយឆ្នាំទៅមួយឆ្នាំ និង ១,៦% ពីមួយខែទៅមួយខែ។នេះយោងតាមទីភ្នាក់ងារស្ថិតិកណ្តាល(BPS) របស់ប្រទេសឥណ្ឌូណេស៊ី។ប្រធានស្តីទីនៃទីភ្នាក់ងារ BPS លោកស្រី អាម៉ាលីយ៉ា អាឌីនីងហ្ការ វីឌីយ៉ាសាន់ទី បាននិយាយកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសឥណ្ឌូណេស៊ីនៅតម្លៃទីផ្សារបច្ចុប្បន្ន (ADHB) មានចំនួនលើសពី ៥,២៩ទ្រីលានរូពៀ (៣៤១លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី៣។ លើសពីនេះទៀត នៅពេលមើលទៅលើតម្លៃទីផ្សារថេរ (ADHK) វាត្រូវបានកត់ត្រានៅចំនួន ៣,១២ទ្រីលានរូពៀ (២០១លានដុល្លារអាមេរិក)។យោងតាមលោកស្រី អាម៉ាលីយ៉ាបានឱ្យដឹងថាការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងត្រីមាសនេះនៅតែត្រូវបានគេចាត់ទុកថាមានភាពអំណោយផល ជាពិសេសដោយសារកត្តាខាងក្រោយនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការធ្លាក់ចុះការប្រែប្រួលអាកាសធាតុនិងការថយចុះតម្លៃនៃទំនិញនាំចេញសំខាន់ៗ។

ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មផលិតកម្ម គឺជាកត្តាជំរុញកំណើនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងត្រីមាសទី៣។ លោកស្រីអាម៉ាលីយ៉ាបានពន្យល់ថាកំណើននៃវិស័យផលិតកម្មត្រូវបានគាំទ្រដោយតម្រូវការក្នុងស្រុកខ្ពស់ រួមទាំងទំនិញលោហៈ ដូចជាកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក អុបទិក និងឧបករណ៍អគ្គិសនី ដែលបានកើនឡើង ១៣,៦៨% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភពVNA
