សម្តេចតេជោ៖តំបន់ហ្គាហ្សានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោកបើមិនឈប់បាញ់

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញសារតាមរយៈទំព័របណ្ដាញសង្គមដោយមានប្រសាសន៍ពាក់ព័ន្ធជាមួយសកម្មភាពបាញ់បោះរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ។
ក្នុងសារនោះសម្ដេចហ៊ុនសែនបានមានប្រសាសន៍ថា«កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សាតែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។ ប្រសិនជាពាក្យនេះជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែនខ្ញុំមើលឃើញថាវាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំងដើម្បីដោះដូរជាមួយបទឈប់បាញ់» ។សម្ដេចតេជោបានអំពាវនាវថា«ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធសូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថានឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំងដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិតនៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាទាំងមូល»៕សហការី
