Daily News Sharing

សម្តេចធិបតី៖បើមិនមា​នមូលដ្ឋានគ្រឹះរាជរដ្ឋាភិបាលអាណត្តិទី៧នឹងលំបា​កក្នុងការបន្តនិងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិនិងបម្រើប្រជាជន

27

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា «បើមិនមានមូលដ្ឋានគ្រឹះរឹងមាំដែលកសាងបានក្នុងរយៈពេលជាង៤០ ឆ្នាំរបស់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលកន្លងមកគឺរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងលំបាកក្នុងការបន្តនិងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរដូចនេះក្នុងនាមរាជរដ្ឋាភិបាលសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តនិងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល»។សម្តេចធិបតីបានបន្តថារាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាដំណាក់កាលពង្រឹងជាជាងការពង្រីកដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំណុច និងគោលនយោបាយអាទិភាពទាំង៦ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើត្រូវតែបន្តហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនិងបម្រើដល់ប្រជាជនបានលឿននិងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀតតាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងកំណើននិងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។

ជាមួយគ្នានេះមន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ។អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជួយលើការងារចំនួន៣៖ ១. ការប្រគល់សិទ្ធិ២.ការផ្តល់លទ្ធភាពនិង ៣.ការជួយគាំទ្រ ការពង្រឹងមន្ត្រី និងពង្រឹងស្ថាប័ន។ជាមួយនេះសម្តេចធិបតីបានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖

១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ

២.ពង្រឹងការត្រួតពិនិត្យការតាមដាននិងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព

៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព

Middle Content

៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន និង

៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ។ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀតដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ស្របតាមការលើកឡើងពីខាងដើមសម្តេចធិបតីក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដូចតទៅ៖

ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋឱ្យមាននូវមនសិការក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ព្រមទាំងមានសមត្ថភាពស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាពនិងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។

ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។

ទី៦. ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនិងកាត់ខ្សែបូសម្ពោធជាផ្លូវការ អគារទីស្តីការថ្មីក្រសួងមហាផ្ទៃដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕ប្រភពSTPM

Footer Content